អ្នកជំនាញវិស័យស្រូវ-អង្ករ បញ្ជាក់ពីមូលហេតុដែលធ្វើឲ្យការនាំចេញអង្ករឆ្នាំនេះ ថយចុះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួន ២៤ម៉ឺនតោន ថយចុះ ៦,៨០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួនជាង ២៥ម៉ឺនតោន។

លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការនាំចេញអង្ករនេះ បណ្តាលមកពីស្រូវឆ្នាំនេះមានតម្លៃថ្លៃធ្វើម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាច្រើនពុំមានលទ្ធភាពទិញស្តុកទុកបានច្រើន និងការព្រួយបារម្ភអំពីការរឹតបណ្តឹងនៃទីផ្សារ សហគមន៍អឺរ៉ុប ខណៈដែលមានការតវ៉ាពីកសិករប្រទេសអ៊ីតាលី ដែលស្នើឲ្យសហគមន៍អឺរ៉ុប ផ្អាកនាំចូលអង្ករពីកម្ពុជា ជាពិសេសទៅលើប្រភេទអង្ករសរ ដែលកសិករអ៊ីតាលអះអាងថា មានភាពប្រកួតប្រជែងខ្លាំងជាមួយអង្ករខ្លួន។

ទោះជា បរិមាណនៃការនំាចេញធ្លាក់ចុះ ក៏ប៉ុន្តែតម្លៃនៃការនាំចេញអង្ករមានការកើនឡើង ខណៈដែលតម្លៃអង្ករឆ្នាំនេះលក់បានតម្លៃថ្លៃ ក្នុងពេលមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ។ លោក មូល សារិទ្ធ រំពឹងថា នៅចុងឆ្នាំនេះការនាំចេញ នឹងមានសន្ទុះឡើងវិញ ក្នុងពេលដែលឃ្លាំង និងឡសម្ងួតស្រូវធំៗមួយចំនួន ដែលស្ថិតក្នុង គម្រោងឥណទានរបស់រដ្ឋាភិបាលត្រូវបានដាក់ដំណើរ នារដូវប្រមូលផលស្រូវ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ទោះជាការនាំចេញអង្ករនាពេលនេះថយចុះក៏ពិតមែន ក៏ប៉ុន្តែវាមិនបាន បង្កផលប៉ះពាល់ដល់កសិករនោះទេ ព្រោះថា កសិករនៅតែលក់ស្រូវបានតម្លៃថ្លៃ និងមានទីផ្សារល្អផងដែរ។

សូមបញ្ជាក់ថា តម្លៃអង្ករក្រអូបប្រភេទលេខ១ សម្រាប់នាំចេញរបស់កម្ពុជាបានកើនដល់ជាង៩០០ដុល្លារក្នុង១តោន និងអង្ករស បានកើនដល់ជាង ៥០០ដុល្លារ ក្នុង១តោន៕

អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation