គ្រូពេទ្យ និងគិលានុបដ្ឋាក ចំនួន៩០នាក់ មកពីមន្ទីរពេទ្យធំៗនៅកម្ពុជា ទទួលបានបទពិសោធន៍ថ្មីៗ ក្នុងវគ្គបណ្តុះបណ្តាល បច្ចេកទេសព្យាបាល និង ថែទាំ ផ្នែកប្រពោធនកម្ម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សិក្ខាកាមចំនួន៩០នាក់ មកពីមន្ទីរពេទ្យធំៗនៅកម្ពុជា បានចូលរួមក្នុងគម្រោង TITAN ដែលក្រុមការងារ របស់មន្ទីរពេទ្យ តាន់តុកសេង ប្រទេសសិង្ហបុរី និងមូលនិធីអន្តរជាតិតេម៉ាសែក គឺជាដៃគូរ ក្នុងកិច្ចសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា បង្កើតគម្រោងនេះឡើង។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល បច្ចេកទេសព្យាបាល និង ថែទាំ ផ្នែកប្រពោធនកម្ម ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករានេះ ក្រោមអធិបតីភាព ឯកឧត្ដមឯកអគ្គរាជទូតសិង្ហបុរីប្រចាំកម្ពុជា, ទាំងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត​​ ឆុង ឈិនទិត​ ប្រធានគម្រោង TITAN សុទ្ធតែបានលើកឡើង ពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលរយៈពេល២ឆ្នាំនេះ ដែលបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា។

ឯកឧត្តមឈាង រ៉ា បន្តថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ឆ្នាំ ពោលគឺចាប់ផ្តើមឡើង តាំងពីឆ្នាំ២០១៧ និងបានបញ្ចប់ នៅឆ្នាំ២០១៩កន្លងទៅ។ គ្រូពេទ្យ និង គិលានុបដ្ឋាក ផ្នែកប្រពោធនកម្ម មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន-ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសិក្ខាកាម មកពីមន្ទីរពេទ្យខេត្តព្រះសីហនុ កោះកុង និងសៀមរាប បានទទួលនូវការណែនាំ អនុវត្តន៍ និង បទពិសោធន៍ថ្មីៗ ក្នុងការដាក់ដំណើរការក្នុងផ្នែក និងការអនុវត្តន៍ផ្នែកបច្ចេកទេសថែទាំ ក៏ដូចជាផ្នែកទំនាក់ទំនង ជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ។ ​

​ សូមជម្រាបថា នេះមិនមែនជាគម្រោងទី១នោះទេ ដែលមន្ទីរពេទ្យ តាន់តុកសេង ​និងមូលនិធីអន្តរជាតិតេម៉ាសែក បានធ្វើកិច្ចសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត។ ពោលគឺ​​ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៧ គម្រោងដំបូង ​​ឈ្មោះថាកម្មវិធី STAR ដែលផ្តោតលើជំនាញផ្នែករបួស និង ការជួយសង្រ្គោះឡើងវិញ ក៏បានបញ្ចប់ហើយដែរ ហើយភាគីទាំងបី ​សង្ឃឹមថា សហប្រតិបត្តិការណ៍ រវាងមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យតាន់ តុកសេង និងមូលនិធិតេម៉ាសែក នឹងនៅបន្តធ្វើឡើង ជាបន្តបន្ទាប់ទៀត ដើម្បីរួមគ្នា លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕ អត្ថបទ ៖ សន ពិសិដ្ឋ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation