កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាត១៣អណ្តូងជូនពលរដ្ឋ២៨៧គ្រួសារក្នុងស្រុកលំផាត់ ខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

(រតនគិរី) ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែ មករា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស ចំនួន ១៣ អណ្តូង ជូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ចំនួន២៨៧គ្រួសារ (ស្មើនឹងមនុស្ស ១.១១៦នាក់) រស់នៅក្នុងភូមិចំនួន៨ នៃឃុំបាតាង ឃុំល្បាំង១ ឃុំកាឡែង និង ឃុំជ័យឧត្តម នៃស្រុកលំផាត់ ខេត្តរតនគិរី ។

ក្នុងឱកាសនោះ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់ លោកយាយលោកតា និងប្រជាពលរដ្ឋ ទាំងអស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវក្តៅនេះ ត្រូវពិសាទឹកដាំពុះ សម្អាតបរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាត និងទឹកកសិកម្ម ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយសារ តំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត ទាំងនេះឱ្យបានគង់វង្ស យូរអង្វែងតទៅ ។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩ នេះ ខេត្តរតនគិរី បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ៥៩ អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៣ មានស្រុកកូនមុំ ស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ក្នុង ១៦ ឃុំ ស្មើនឹង ៣៣ ភូមិ មានប្រជាពលរដ្ឋទទួលផលចំនួន ១.៤៦២ គ្រួសារ ស្មើនឹង ៦.៧៣២ នាក់ ហើយ ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម បានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។

ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បាននាំយកអំណោយមនុស្ស ធម៌របស់សាខា ចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៥០គ្រួសារ មកពី៦ភូមិ ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
អំណោយមនុស្សធម៌ផ្តល់ជូន១គ្រួសារ រួមមាន៖ អង្ករ ២៥ គីឡូក្រាម កញ្ចប់(មី ត្រីខ) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងអាវយឺត ១០។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋតំណាងចំនួន៥០នាក់ ដែលចូលរួមក្នុងពិធីសម្ពោធអណ្តូងនោះ ក៏ទទួលបានក្នុងម្នាក់ៗ សារុង១ និងថវិកាមូយចំនួន។ ដោយឡែក យុវជន និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជា ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ២ម៉ឺនរៀល ជាអនុស្សាវរីយ៍ ពីកាកបាទក្រហមកម្ពុជាផងដែរ៕ ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation