រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋកម្ពុជាទាំងអស់ ប្រុងប្រយ័ត្នខ្ពស់បង្ការការចម្លងជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ខណៈកំពុងកើតនៅចិន
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន ពីក្រសួងសុខាភិបាល ដោយក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួត ដែលមិនស្គាល់អត្តសញ្ញាណ ខណៈជំងឺនេះកំពុងកើតមានប្រទេសចិន។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ថា ត្រូវអនុវត្តនូវវិធានការណ៍៧ចំណុច ដើម្បីជៀសវៀងពីជំងឺនេះ។ ក្នុងនោះ ១. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រេច។ ២. លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬបរិស្ថានជុំវិញគាត់។ ៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ៤. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ។ ៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រេច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ ៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណាស់

៧.លាងដៃ បន្ទាប់ពីមានប៉ះជាមួយ ទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចមួយច្រើនជាង១ម៉ែត្រជាមួយបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវជាដើម។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ជាពិសេសអ្នកដំណើរដែលមានគម្រោងធ្វើដំណីរទៅ ឬត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន អំពីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ នូវព័ត៌មានសំខាន់ៗ និងវិធានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដែលគួរយល់ដឹង ដូចតទៅ៖

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា មិនទាន់មានករណីជំងឺប្រភេទខាងលើនេះនៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកដាក់បំផុតនូវស្ថានភាព នៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួនមានអ្នកជំងពីរ-បីនាក់មានរោគសញ្ញាហត់ហើយថតកាំរស្មីអ៊ិចបង្ហាញថាមានដំបៅសួតសងខាង។ 

លទ្ធផលទទួលបានពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្ដាសាយបក្សី ឬជំងឺផ្តាសាយបន្តដោយវីរុសរដណូ (aderovirus) ឬជំងឺMERS ឬក៏ជំងឺផ្លូវដង្ហើមដទៃទៀតនោះឡើយ។ ការអង្កេតស្រាវជ្រាវដោយមន្ទីរពិសោធន៍នៃប្រទេសចិន កំពុងបន្តធ្វើទៀតដើម្បីស្វែងរកអត្តសញ្ញាណនៃជំងឺរលាកសួតចម្លែកនេះ។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រចិន ការផ្ទុះឡើងនៃជំងឺរលាកសួតអាថ៌កំបាំងដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ធ្លាក់ខ្លួនឈឺនៅក្នុងនិងជុំវិញប្រទេសចិននោះគឺចេញមកពីអម្បូរតែមួយនៃវីរុសដែលធ្វើឲ្យកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរហៅថាជំងឺសា (SARS)។

ទូរទស្សន៍របស់រដ្ឋក្នុងប្រទេសចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ពួកគេបានរកឃើញវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះនៅក្នុងអ្នកជំងឺ១៥នាក់ក្នុងចំណោម៥៩នាក់នៅក្នុងទីក្រុងវូហាននៃខេត្តហ៊ូប៉ី (Hubei) ដោយបាននិយាយថាវីរុសផ្លូវដង្ហើមប្រភេទថ្មីនោះត្រូវបានកំណត់អត្តសញ្ញាណជាបឋមថាជាភ្នាក់ងារបង្ករោគសម្រាប់ការផ្ទុះឡើងនៃជំងឺរលាកសួតអាថ៌កំបាំងក្នុងប្រទេសចិន។

វីរុសផ្លូវដង្ហើមឆ្លងរីករាលដាលតាមរយៈការក្អក ឬកណ្តាស់ឬតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលឆ្លងវីរុសនេះ។

វីរុសផ្លូវដង្ហើមខ្លះបណ្តាលឱ្យកើតជំងឺផ្តាសាយធម្មតាហើយវីរុសខ្លះទៀតអាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជាជំងឺសា (SARS) និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS) ។

ទូរទស្សន៍របស់រដ្ឋក្នុងប្រទេសចិនបានរាយការណ៍ថាវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះខុសប្លែកពីវីរុសផ្លូវដង្ហើមមុនៗដែលគេធ្លាប់បានកំណត់អត្តសញ្ញាណ។

តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញថា រហូតមកដល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយហើយក៏មិនទាន់មានការចម្លង ទៅបុគ្គលិកសុខាភិបាលនោះទេ។ នៅពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមីសាស្រ្ត និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុស។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation