ក្រសួងកិច្ចការនារី និងអង្គការជីវិតនៅកម្ពុជា ចុះ MoU មួយ ដើម្បីផ្តល់ឲ្យស្រុកចំនួន៣ ក្នុងខេត្តសៀមរាប ទទួលបានគម្រោង​ជីវិតគ្មានអំពើហិង្សា  
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានរៀបចំពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយនឹងអង្គការជីវិតនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ នាទីស្ដីការក្រសួងកិច្ចការនារី នៅថ្ងៃទី០៩ ខែមករា លើគម្រោងជីវិតគ្មានអំពើហិង្សា មានរយៈពេល៣ឆ្នាំ នៅខេត្តសៀមរាប នៅក្នុងស្រុកគោលដៅចំនួនបី គឺស្រុកពួក ស្រុកអង្គរជុំ និងស្រុកស្វាយលើ។

  លោកជំទាវ ខេង សំវ៉ាដា បានមានប្រសាសន៍ថា គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៣៖ ​ទី១.គៀងគរថ្នាក់ដឹកនាំ ក្នុងមូលដ្ឋាន (សហគមន៍និងសាលារៀន) ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបញ្ហានានា ដែលទាក់ទងទៅនឹងអំពើហិង្សា លើស្ត្រីនិងកុមារ និងការការពារកុមារ នៅក្នុងឃុំរបស់ពួកគាត់, ទី២.ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ក្នុងមូលដ្ឋាន (សហគមន៍និងសាលារៀន) ដើម្បីឆ្លើយតបទៅនឹង ករណីគ្រួសារដែលរងគ្រោះ នៅក្នុងឃុំរបស់ពួកគាត់ ប្រកបដោយប្រសិទ្ធភាព និងទី៣.ជួយឱ្យស្ត្រីនិងក្មេងស្រី ដែលជួបប្រទះអំពើហិង្សា ​នឹងទទួលបានការគាំទ្រ និងសេវាចាំបាច់ផ្សេងៗ។

  គម្រោងនេះ ប្រើប្រាស់ថវិកា ចំនួន៧៤៦,៧៣៥ដុល្លារអាមេរិក (ប្រាំពីររយសែសិបប្រាំមួយពាន់ ប្រាំពីររយសាមសិបប្រាំដុល្លារ) ហើយអ្នកទទួលផលដោយផ្ទាល់ ពីការអនុវត្តគម្រោងនេះ មានចំនួនសរុបជាង៧ពាន់៣០០នាក់​ ក្នុងនោះមានសិស្ស​អនុវិទ្យាល័យ, ប្រជាពលរដ្ឋក្នុងសហគមន៍, សមាជិកគណៈកម្មការទ្រទ្រង់សាលា, គ្រូបង្រៀន, គ្រួសារ​, គណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ និងសមាជិកក្រុមប្រឹក្សាឃុំ​។

  សូមជម្រាបថា គម្រោងជីវិតគ្មានអំពើហិង្សា ផ្ដោតលើការកសាងសហគមន៍ ឱ្យចេះរកវិធីដោះស្រាយ ដែលពាក់ព័ន្ធនឹង អំពើហិង្សាលើស្ត្រីនិងកុមារ ព្រមទាំងបង្កើនការយល់ដឹង ពីកិច្ចការពារកុមារ និងសិទ្ធិរបស់កុមារ តាមរយៈការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងសមត្ថភាព របស់អាជ្ញាធរមូលដ្ឋាន និងបង្កើនការយល់ដឹងរបស់យុវជន ដើម្បីរួមគ្នាទប់ស្កាត់អំពើរំលោភផ្លូវភេទ និងអំពើហិង្សាផ្សេង លើស្ត្រីនិងកុមារ៕អត្ថបទ ៖ សន ពិសិដ្ឋ  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation