កម្ពុជា-ចិន បណ្ដុះបណ្ដាលជំនាញពិសេសៗបន្ថែមដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ភាសាចិន១២០នាក់ នៅខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងវិទ្យាស្ថាន ទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលភាសាចិន រួមទាំងជំនាញពិសេសៗមួយចំនួនទៀតដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនចំនួន ១២០នាក់ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំពេលវេលា និងស្របតាមផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ សំដៅឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍ទាំងបរិមាណ និងគុណភាព។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ឯកឧត្តម Chen Dehai អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ និងគ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងសិក្ខាកាមសរុបប្រមាណ ១២០នាក់។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាក់ សុខុម បានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍ កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមពង្រឹងសមត្ថភាពគ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍លើជំនាញភាសាចិន ដោយផ្អែកលើការប្រើប្រាស់វិធីសាស្រ្តថ្មី ក្នុងការបណ្តុះបណ្តាលភាសាចិន និងការបណ្តុះបណ្តាលគ្រូបង្គោល ការចងក្រង និងអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលភាសាចិនលក្ខណៈជាប្រព័ន្ធ និងការពង្រឹងសមត្ថភាពភាសាចិនប្រើប្រាស់ សម្រាប់ បកស្រាយពន្យល់ដល់ទេសចរសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
វគ្គបណ្តុះបណ្តាលពិសេសនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកម្រិតសមត្ថភាពជំនាញភាសាចិន ដល់គ្រូបង្រៀនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមទៀតថា តាមរយៈការសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ វាបានឆ្លុះ បញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងភាពដៃគូរវាងមជ្ឍមណ្ឌលអាស៊ាន ចិន វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន និងក្រសួងទេសចរណ៍លើការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅត្រៀមទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនដែលបាន និងកំពុងមានការកើនឡើងយ៉ាងរហ័សក្នុងពេលបច្ចុប្បន្ន។

គួរកត់សម្គាល់ថា រយៈពេល៣ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១.៨លាននាក់ កើនឡើង ៩.៧% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៨៣,៤៣៦នាក់ កើនឡើង ៣៥.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូល សរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation