ព្រះរាជអំណោយរបស់ហ្លួងម៉ែផ្តល់ជូនគ្រួសាររងគ្រោះដោយបាក់រលំអគារនៅខេត្តកែបដែលរស់នៅខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំនួន ២ម៉ឺនដុល្លារអាមេរិករបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតហើយនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាង ចុះសួរសុខទុក្ខចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងអ្នករងរបួស នៅមន្ទីរពេទ្យនិងតាមខេត្តស្រុកកំណើតរបស់ជនរងគ្រោះនីមួយៗ។

នៅថ្ងៃអង្គារទី ៧ ខែមករា ឆ្នាំ២០២០នេះ គណៈប្រតិភូដែលដឹកនាំដោយឯកឧត្ដម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា រួមដំណើរដោយលោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំនួន ៣នាក់ ដែលជាជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម បានពាំនាំនូវព្រះរាជបន្ទូលរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការ សោកស្តាយយ៉ាងក្រៃលែងចំពោះសោកនាដកម្មដែលបានកេីតឡេីងចំពោះគ្រួសារជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានថ្លែងពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែល សម្តេច តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្ដម បាន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពជនរងគ្រោះ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានដល់ ក្រុមគ្រួសារអ្នកស្លាប់ទាំង ៣៦នាក់ ក្នុងម្នាក់ៗថវិកា ៤០០ដុល្លារអាមេរិក អង្ករ ១២០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង និងទឹកក្រូច ៥កេស។ ប្រទានដល់អ្នករងរបួស ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងគេហដ្ឋាន ក្នុងម្នាក់ៗថវិកា ២៤៣ដុល្លារអាមេរិក មី២កេស ទឹកដោះគោប្រអប់ ២ប្រអប់ ស្ករស ៤គីឡូក្រាម ត្រីខ២០កំប៉ុង និងឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២)។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានចូលរួមរំលែកមរណទុក្ខ សួរសុខទុក្ខ ព្រមទាំងនាំយកស្បៀង អាហារមួយចំនួន និងថវិកា ១លានរៀលផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ៕ដោយ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation