កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិមួយស្តីពីអ្នកជំនាញទេសចរណ៍អាស៊ាននៅថ្ងៃ២០និង២១មិថុនាខាងមុខ - CNC News
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិមួយស្តីពីអ្នកជំនាញទេសចរណ៍អាស៊ាននៅថ្ងៃ២០និង២១មិថុនាខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ក្រសួងទេសចរណ៍បានប្រកាសឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការដ្ឋានអាស៊ាននោះ ក្រសួងទេសចរណ៍ នឹងសហការជាមួយគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដើម្បីរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ក្រោមប្រធានបទ «អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីការអភិវឌ្ឍិវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នទេសចរណ៏ អាស៊ាន អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) និងវាគ្មិនជាតិ-អន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធប្រមាណ ១០០០នាក់ ។សន្និសីទនេះគ្រោងប្រារព្ធបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទអន្តរជាតិនេះបង្ហាញពីភាពជោគជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង MRA-TP នៅក្នុងកម្រិតតំបន់ដែលប្រទេសជាសមាជិកបានអនុវត្តរយៈពេល៦ឆ្នាំកន្លងមក ដែលក្នុងនោះកម្ពុជាត្រូវបានលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាមាជិកវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារកន្លងមក ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់អាស៊ាន និងកម្ពុជា។
សន្និសីទអន្តរជាតិនឹងពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទមួយចំនួនដូចខាងក្រោម៖
១. បញ្ហាប្រឈមក្នុងការផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក
២. ការងារ និងកំណើនសេដ្ឋកិច្ច៖ វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកប្រកបដោយនិរន្តរភាព
៣. កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត
៤. ការទទួលស្គាល់គុណវុឌ្ឍិអាស៊ាន “គោលដៅអនាគតនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍”
៥. កិច្ចពិភាក្សាថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន - វិថីឆ្ពោះទៅកាន់ ASEAN MRA-TP៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation