ព័ត៌មានអន្តរជាតិ

គេបារម្ភថាមនុស្សជាច្រើននាក់ជាប់គ្រាប់គំនរបាក់បែកបន្ទាប់ពីអគារមួយត្រូវបានអគ្គិភ័យឆាបឆេះហើយបានរលំនៅឥណ្ឌា

image

រោងចក្រមួយត្រូវបានអគ្គិភ័យឆាបឆេះនិងបានរលំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះដោយបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសក្នុងនោះរួមមានទាំងក្រុមមន្រ្តីពន្លត់អគ្គិភ័យមួយចំនួនផង។ មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថាមនុស្ស៣នាក់ត្រូវបានគេជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារនៅក្នុងតំបន់ភាគខាងលិចរដ្ឋធានីញូវដែលី (New Delhi)។

រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៣៥គ្រឿងបានស្ថិតនៅកន្លែងកើតហេតុហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើឡើងដោយសារមានមនុស្សចំនួនត្រូវបានគេបារម្ភថាបានជាប់នៅទីនោះ។ សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថារូបគាត់បានឮសម្លេងផ្ទុះមួយនៅប្រហែលម៉ោង៥ព្រឹកហើយប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ថាអគារដែលត្រូវភ្លើងឆាបឆេះនោះបានដួលរលំភ្លាមៗ។

ការខ្វះខាតស្តង់ដារសុវត្ថិភាពគឺជាមូលហេតុមួយដែលបណ្តាលឱ្យកើតមានអគ្គិភ័យជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា។ កាលពីខែមុនអគ្គិភ័យដែលគេជឿថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបានឆាបឆេះអាគារមួយនៅក្នុងរដ្ឋធានីញូវដែលី (New Delhi) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៣នាក់៕