សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋ- ទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា លោកជំទាវ និងស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។នៅក្នុងឱកាសនោះ លោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស បានថ្លែងអំណរគុណចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សូមគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។

សម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា ក្រោមការខិតខំសម្របសម្រួលរបស់លោកជំទាវ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់រវាងប្រទេសទាំងពីរជាច្រើន ហើយតាមរយៈនៃកិច្ចព្រមព្រៀងទាំងអស់នេះ នឹងក្លាយជាចលករជំរុញកំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ វិនិយោគ និងការផ្លាស់ប្តូរមនុស្សក្នុងពេលអនាគតជាក់ជាពុំខាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation