ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទនឹងត្រូវរាជរដ្ឋាភិបាលចាប់ផ្តើមបិទពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩នេះតទៅ
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿនកិច្ចប្រជុំជាមួយតំណាងកាស៊ីណូ និងម្ចាស់អាជីវកម្ម អនឡាញទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយសារាចរណែនាំ ស្ដីពី ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿ បានលើកឡើងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយហើយប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថារាល់ល្បែងអនឡាញទាំងអស់មិនថាឆ្នោត ឡូតូ ឬល្បែងកាស៊ីណូអ្វី នោះទេឲ្យតែតាមប្រព័ន្ធអនឡាញគឺត្រូវតែបិទជាបន្ទាន់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏ត្រូវ តាមដានមើលជានិច្ចផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿនបានបញ្ជាក់ទៀតថា ការដែលរាជរដ្ឋាភិបាលសម្រេចបិទនូវអាជីវកម្មល្បែងតាមអនឡាញនេះគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា សកម្មភាពល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណែតទាំងក្នុង និងក្រៅប្រទេសទទួលបាន គោលការណ៍អនុញ្ញាតិពីរាជរដ្ឋាភិបាលនិងមួយចំនួនទៀត បានលួចលាក់ធ្វើសកម្មភាពតាមទីតាំង ផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងប្រភេទនេះដើម្បីធ្វើ សកម្មភាពបោកប្រាស់ជំរិតទាប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គមជាដើម។

ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿនក៏បានអំពាវនាវដល់មន្រ្តីនគរ បាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវនិងតាម ដានបន្ថែមទៀតចំពោះបំរាមទាំងនេះ ហើយប្រសិនបើមានបុគ្គលណាឬក្រុមហ៊ុនណាលួចលាក់បន្ត ធ្វើអាជីវកម្មបន្តទៀតនោះត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ជាបន្ទាន់ ដោយមិនលើកលែងនោះឡើយ។

ការប្រកាសបិទជាស្ថាពរនៅល្បែងតាមអនឡាញនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ សារាចរណែនាំកាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅបញ្ជារឲ្យទីស្តីការគណៈរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រូវចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ដើម្បីអនុវត្តឲ្យសារាចរនេះមានប្រសិទ្ធភាពបំផុត៕អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation