អគ្គស្នងការដ្ឋាននគរបាលជាតិចុះMOUជាមួយក្រុមហ៊ុនចិនជំនាញលើការងារគ្រប់គ្រង បង្ការ និងពន្លត់អគ្គិភ័យ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Zhong Guo Yi Zhou Inverstment Co,.Ltd មកពីប្រទេសចិន ដែលជំនាញលើការងារគ្រប់គ្រង បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីពង្រឹងសមត្ថភាពដល់កម្លាំងនគរបាលជំនាញ នៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដែលមានរយៈពេល២០ឆ្នាំ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ ជាមួយប្រធានក្រុមហ៊ុន Zhong Guo Yi Zhou Inverstment Co,.Ltd និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ព្រមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា គោលបំណងនៃការចុះ MoU នេះដើម្បីផ្ដល់នូវក្របខ័ណ្ឌការងារផ្លូវការលើវិស័យការងារបង្ការ និងពន្លត់អគ្គិភ័យ សម្ដៅលើកកម្ពស់ការងារការពារអាយុជីវិត ទ្រព្យសម្បត្តិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក្រោយចុះអនុស្សារណៈយោគយល់គ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានជំនឿថា ក្រុមហ៊ុន Zhong Guo Yi Zhou Inverstment Co,.Ltd នឹងក្លាយជាដៃគូជំនាញ ស្ថិតក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការនាំចូលឧបករណ៍សម្ភារ បង្ការ ពន្លត់អគ្គិភ័យ ដែលមានគុណភាព, ការរៀបចំគំនូរប្លង់ ប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យនៅតាមគោលដៅសំខាន់ៗ និងការរៀបចំបំពាក់ប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវតាមនិយាមបទដ្ឋានដែលបានកំណត់។
ក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុននឹងការរៀបចំផែនការ ក៏ដូចជារៀបចំគំនូរប្លង់ផ្សេងៗ, វិស្វករជំនាញអគ្គិភ័យ ដើម្បីពិនិត្យគុណភាពចំណាត់ថ្នាក់សំណង់ ពាក់ព័ន្ធលើការងារបង្ការ និងពន្លត់អគ្គិភ័យ។
បើតាមលោកឧត្តមសេនីយ៍ទោ នេត វន្ថា ក្រុមហ៊ុនចិនជំនាញអគ្គិភ័យនេះ នឹងជួយបណ្ដុះបណ្ដាលលើមន្ដ្រីនគរបាលពន្លត់អគ្គិភ័យកម្ពុជា ពាក់ព័ន្ធលើការងារត្រួតពិនិត្យ, ការកសាងប្លង់ និងជំនាញផ្សេងៗទៀត៕អត្ថបទឃឹម វិសាល