អាជ្ញាធររាជធានីភ្នំពេញ ប្រារព្ធពិធីទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា
| ព័ត៌មានជាតិ
SHARE

អាជ្ញាធររាជធានីភ្នំពេញ ប្រារព្ធពិធីទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុង ខណ្ឌដង្កោ ដោយបាននិមន្ដព្រះសង្ឃចំនួន២០៧អង្គ ដើម្បីរាប់បាទឧទិ្ទសកុសល បញ្ជូនផលបុណ្យដល់ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបប ប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែនិង២០ថ្ងៃ។


ពិធីប្រារព្ធឡើងនៅព្រឹកនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានបក្សរាជធានី ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីនិង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋមកពីគីទិសទីនៅតាមខណ្ឌ ផ្សេងៗទាំង១៤ក្នុងរាជធានីភ្នំពេញ។


គោលបំណនៃទិវាជាតិនៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ។គួររំលឹកថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះ ត្រូវបានសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋ ។


«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។ ការកំណត់យកថ្ងៃនេះធ្វើជា ថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ ជាការរំឭក ដល់ជនរងគ្រោះ និង ការឈឺចាប់ ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុង របបកម្ពុជា ប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩។


គួរបញ្ជាក់ថានៅក្នុងពិធីនេះផងដែរ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបានដាក់កម្រងផ្កា និងអុជធូប ដោយសម្រួមកាយវាចាចិត្តនៅចំពោះមុខស្តូបតម្កល់អិដ្ឋធាតុរបស់ជនរងគ្រោះប្រមាណ៨.៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសព រួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅ យកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ៕


អត្ថបទនិងរូបភាព៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation