ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរីសម្ពោធផ្លូវបេតុងមួយខ្សែប្រវែង៤៣៨ម៉ែត្រទុកជាចំណងដៃឆ្នាំថ្មីជូនពលរដ្ឋឃុំសាមគ្គី ស្រុកអូរជុំ

image

រតនគិរី៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជសិស្សានុសិស្សក្នុងឃុំសាមគ្គីស្រុកអូរជុំ ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងទៅមកសាលារៀនបានងាយ
ស្រួលឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង៣៨៤បម៉ែត្រដែលបានចំណាយថវិកាសាងសង់ ដោយមូនិធិឃុំឆ្នាំ២០១៩ ទុកជាចំណងដៃឆ្នាំថ្មី២០២០។

ថ្លែងនៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩​ឯកឧត្តម ថង សាវុន បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែ
រក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការទូទាំងប្រទេស។ជាក់ស្តែងនៅឆ្នាំ២០១៩នេះរាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការមូលនិធិថែទាំសុខមាលភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ និងមន្ត្រីភូមិ និងកំពុងបន្តរៀបចំនូវការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងៗទៀត ឲ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្នុងឆ្នាំ២០២០ខាងមុខនេះរាជរដ្ឋាភិបាលបានបង្កើមកញ្ចប់ថវិកាដល់មូលនិធិឃុំសង្កាត់យ៉ាងច្រើនដើម្បីពន្លឿនដល់កិច្ចអភិវឌ្ឍន៍ឃុំសង្កាត់នៅទូទាំងប្រទេស។​

ឯកឧត្តម ថង សាវុន បានគូសបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវរបស់ថ្នាក់ដឹកនាំស្រុក និងឃុំសាមគ្គី ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការបែងចែកកំណើនប្រកបដោយសមធម៌ ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។​

​បន្ទាប់ពីកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្កូវបេតុងអាមេនេះរួចមកឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សក្នុងសាលាបឋមសិក្សាសាមគ្គីប្រមាណជាង២០០នាក់និងបានចែកជូនសម្ភារៈសិក្សា​ជូនក្មួយៗក្នុងមនោសញ្ចេតនាសប្បាយរីករាយ៕ដោយ៖ប៉េស សារី