សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត RULE ជិត ៣ពាន់នាក់
| ព័ត៌មានជាតិ
SHARE

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២ពាន់៧៩០នាក់ ក្នុងនោះនារី ១ពាន់៣៨០នាក់ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះមានចំនួនសរុបប្រមាណ ៥៤,៨៨៩នាក់ នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

បច្ចុប្បន្ននេះសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ អន្តរជាតិសរុប ៥៨៥នាក់ នារី ១៤៦នាក់ និងនិស្សិតកំពុងសិក្សាសរុប ១ម៉ឺន៦ពាន់២៩៦នាក់ នារី ៨ពាន់៥៩នាក់៕អត្ថបទ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation