ព័ត៌មានជាតិ

បណ្តារោងចក្រ ក្រុមហ៊ុន និងអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) នាដើមឆ្នាំ២០២០

image

បណ្តារោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប។
តាមរយៈការផ្សព្វផ្សាយពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា សហភាពអឺរ៉ុប បានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះ ពីដើមឆ្នាំ២០២០តទៅ។

គោលបំណងនៃការផ្សព្វផ្សាយនេះគឺជូនដំណឹងនិងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំចេញពីកម្ពុជា ទៅទីផ្សារសហភាពអឺរ៉ុប ឲ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ(REX)នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។

មានការពន្យល់យ៉ាងច្បាស់លាស់អំពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU)។ អត្ថប្រយោជន៍ ជារួមមាន ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។

អត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០៕អត្ថបទ៖ អៀវ ឈៀងនី