ស្រុកស្រែអំបិលកំពុងជួបវិបត្តិការរំលោភបំពានលើតំបន់ឆ្នេរ ព្រែកធម្មជាតិ និងការបំពុលបរិស្ថាន 
| ព័ត៌មានជាតិ
SHARE

(កោះកុង) ៖ ស្រុកស្រែអំបិលជាស្រុកមួយនៃខេត្តកោះកុង ដែលស្ថិតនៅចំណុចចាប់ផ្តើមមុនគេបង្អស់ បើយើងធ្វើដំណើរពី រាជធានីភ្នំពេញមកដល់ផ្លូវបំបែករវាងខេត្តកោះកុងនិងខេត្តព្រះសីហនុ រួចហើយបន្តដំណើរតាមផ្លូវជាតិលេខ៤៨ ឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ នោះយើងប្រាកដជាបានឆ្លងកាត់ស្រុកស្រែអំបិលនេះ ។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងថា បច្ចុប្បន្ន វិស័យអចលនទ្រព្យកំពុងមានការរីកចំរើនខ្លាំង ក្នុងនោះវិស័យដីធ្លីគឺមានសន្ទុះហក់ឡើងឈានមុខគេ។ ប៉ុន្តែផ្ទុយទៅវិញ ភាពរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យ នាពេលនេះ បានបង្ករទៅជាបញ្ហាកកស្ទះប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង និងបញ្ហាបរិស្ថាន ដោយសារតែកើតមានសកម្មភាព ឈូសឆាយរុករានយកអាចម៌ដីលក់ចែកចាយតាមការបញ្ជាទិញរបស់ក្រុមឈ្មួញដីឡូតិ៍ដើម្បីយកទៅចាក់បំពេញនៅតាមទីប្រជុំជនក្នុងស្រុកមួយនេះ ក៏ដូចជាបញ្ហាទន្ទ្រានកាន់កាប់ដីព្រៃ ដីព្រែក ដីឆ្នេរជាដើម។

ក្នុងន័យនេះ លោកអភិបាលស្រុកស្រែអំបិលបញ្ជាក់អោយដឹងថា ការប្រកបរបរឈូសឆាយយកអាចម៌ដីលក់នាពេលនេះ វារឿងបុគ្គលឯកជន របស់ម្ចាស់អាជីវកម្មនិមួយៗ ប៉ុន្តែលោកសូមហាមដាច់ខាត កុំរំលោភបំពានច្បាប់បច្ចេកទេសដឹកជញ្ជូន ផ្លូវគោក ដែលបានដាក់ជូនអោយធ្វើការអនុវត្ត។

ពាក់ព័ន្ធនឹងការរឹតបណ្តឹងច្បាប់ទៅលើក្រុមឈ្មួញទាំងអស់នាពេលនេះ លោកអភិបាលស្រុកស្រែអំបិលពន្យល់ថា  ធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលកំពុងសម្រុកមកលេងកំសាន្តនៅតំបន់ឆ្នេរ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក ត្រង់ចំណុចទីតាំងឆ្នេរនេសាទ ដែលកន្លងមកក្រុមឈ្មួញទាំងអស់នោះតែងតេព្យាយាម រំលោភយកដីចំណីឆ្នេរមកគ្រប់គ្រងជាសម្បត្តិផ្ទាល់ខ្លួន។លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានបន្ថែមទៀតថា ប្រសិនបើមានជនណាម្នាក់ហ៊ានបោះបង្គោលក្នុងតំបន់ឆ្នេរធម្មជាតិរបស់រដ្ឋ នោះគឺជាការខុសច្បាប់។ ពីព្រោះរដ្ឋបាលស្រុកពុំទាន់បានចេញច្បាប់អនុញ្ញាតិនោះឡើយ។

ដើម្បីចូលរួមចំណែកថែរក្សាអោយឆ្នេរនេសាទទាំងមូលនៅជាសម្បត្តិធម្មជាតិរបស់រដ្ឋ លោកអភិបាលស្រុកស្រែអំបិល ស្នើដល់ភាគីពាក់ព័ន្ធក្នុងរឿងឃុបឃិតលួចស៊ីញ៉េ ផ្តល់សិទ្ធឱ្យឯកជនចូលកាន់កាប់ឆ្នេររបស់រដ្ឋនាពេលនេះ សូមឱ្យដកខ្លួនចេញជាបន្ទាន់ ខណៈបច្ចុប្បន្នឆ្នេរនេសាទទាំងមូលត្រូវបានឯកជនកាន់កាប់ទាំងស្រុង៕ដោយ៖ តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation