កម្ពុជា-ជប៉ុន សម្ពោធដាក់ឲ្យដំណើរការផែស្ងួត មជ្ឈមណ្ឌលភស្តុភារកម្ម  ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ តំណាងកម្ពុជា និង ភាគីជប៉ុន បានរួមគ្នាសម្ពោធដាក់ឲ្យដំណើរការផែស្ងួត និងមជ្ឈមណ្ឌលភស្តុភារកម្ម  នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

ផែស្ងួត មជ្ឈមណ្ឌលភស្តុភារកម្មនេះ បង្កើតឡើងដោយក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ឈ្មោះ នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី -NIPPON EXPRESS (CAMBODIA) CO., LTD. មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីក្រោមអធិបតី ឯកឧត្តម គុណ ញឹម ទទួកបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ , ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹនាំក្រុមហ៊ុន និងអ្នកជំនួញជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម គុណ ញឹម បានកោតសរសើរ ក្រុមហ៊ុន នីបផន អេចប្រេស (ខេមបូឌា)។ ឯកឧត្តម ចាត់ទុកថា នេះគឺជាក្រុមហ៊ុនឡូជីស្ទិកដ៏ធំមួយរបស់ជប៉ុន ដែលបានដាក់ទុនវិនិយោគបង្កើតសន្និធិគយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមជំនឿចិត្តលើសក្តានុពលនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ក្រោមការគាំទ្រ អង្គការ JICA កំពុងតែរៀបចំផែនការមេថ្នាក់ជាតិ ស្តីពីវិស័យដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនជាតិ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ។ ឯកឧត្តម សង្ឃឹមថា សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលនេះភស្តុភារកម្មនេះ នឹងដើរតួសំខាន់ក្នុងការតភ្ជាប់ខ្សែក្រវាត់ផ្គត់ផ្គង់ការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

លោក សំ ពូក អនុប្រធានក្រុមហ៊ុន នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី ប្រាប់ក្រុមអ្នកកាសែតថា ការវិនិយោគផែស្ងួតផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះប្រទេសជាតិ ក៏ដូចជាប្រជាជនកម្ពុជា ដោយសម្រួលបែបបទផ្នែកភស្តុភារកម្មទៅឲ្យអ្នកវិនិយោគទាំងអស់ ក៏ដូចជាអ្នកវិនិយោគផ្សេងៗទៀត ក៏ដូចជាអ្នកវិនិយោគខ្មែរ ដែលត្រូវការសេវាភស្តុភារកម្ម រាប់ទាំងការដឹកជញ្ជូនតាមផ្លូវអាកាស, ផ្លូវទឹក និងតាមផ្លូវគោកផង។

តំណាងភាគហ៊ុនជប៉ុន ប្រាប់ក្រុមអ្នកកាសែតថា លោកជឿជាក់លើធនធានមនុស្ស របស់កម្ពុជា ទើបលោកមកបណ្តាក់ទុនលើវិស័យមួយនេះ។ ជាពិសេសនោះ គឺកម្ពុជាសំបូរដោយក្រុមយុវជន ដែលមានសម្ថភាព ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ឋភាព។ 

សូមជំរាបថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនជប៉ុនចំនួយ៤៣ កំពុងដំណើរឈានមុខគេក្នុងការផលិត និងនាំចេញនូវផលិតផលអាហារ, សម្លៀកបំពាក់, ស្បែកជើង, បង្គុំខ្សែភ្លើង, គ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀត។ ក្រុមហ៊ុនទាំងនេះ បានធ្វើឲ្យទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់១៥៥លានដុល្លារ ក្នុងឆ្នាំ២០១៧ និងកើនឡើងដល់១៨៣ដុល្លារ ក្នុងឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation