នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជំរុញឲ្យប្រទេសផ្សេងៗរួមកម្លាំងជាមួយអ៊ីស្រាអែលនិងអាមេរិកដើម្បីប្រឆាំងការឈ្លានពានរបស់អ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថាអ៊ីស្រាអែលនិងប្រទេសជិតខាងក្នុងតំបន់គួរតែចូលរួមជាមួយអាមេរិកដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ក្នុងគ្រាដែលភាពតានតឹងរវាងគូសត្រូវធំទាំងពីរកំពុងតែកើនឡើងពាក់ព័ន្ធនឹងសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងកម្មវិធីមីស៊ីលរបស់ខ្លួន។

ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើឡើងនៅឯការប្រារព្ធខួបមួយឆ្នាំនៃការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម។

សូមរម្លឹកថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីមួយឆ្នាំមុនបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកដែលនៅក្រោមកិច្ចព្រមព្រៀងនោះប្រទេសអ៊ីរ៉ង់យល់ព្រមកាត់បន្ថយសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាថ្នូរនឹងការទទួលបានការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។

ចាប់តាំងពីនោះមក លោក ត្រាំ បានចាប់ផ្ដើមបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ដោយព្យាយាមកាត់បន្ថយការនាំចេញប្រេងឆៅដែលជាសរសៃឈាមរបស់អ៊ីរ៉ង់ឲ្យដល់កម្រិតសូន្យ និងជំរុញប្រទេសអ៊ីរ៉ង់ឲ្យចូលតុចរចាជាថ្មីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដោយផ្តោតកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។

កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយព្រមានថា វានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើអ្វីមួយប្រឆាំងសហរដ្ឋអាមេរិកបន្ទាប់ពីអាមេរិកបានបញ្ជូននាវាដឹកយន្តហោះរួមនិងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់ឈូងសមុទ្រពែរ្ស៍ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់កំពុងកើនឡើងនោះ។

ប៉ុន្តែកាលពីថ្ងៃអង្គារ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាម៉េនី (Ayatollah Ali Khamenei) បាននិយាយថាប្រទេសអ៊ីរ៉ង់មិនដែលចង់មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation