បណ្ណាល័យសម្តេចក្រឡាហោមស ខេង នឹងកើតជារូបរាង នៅកណ្តាលក្រុងបាត់ដំបង សម្រាប់បម្រើឲ្យអត្ថប្រយោជន៍ ជាចំណេះដឹងទូទៅដល់អ្នកសិក្សានិងអ្នកស្រាវជ្រាវ 
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សា ក៏ដូចជាអ្នកស្រាវជ្រាវក្នុងការស្វែងរកចំណេះដឹងផ្សេងៗ ដែលទាក់ទងនឹងការសិក្សារបស់ខ្លួនឲ្យកាន់តែមានដំណើរការទៅមុខបានល្អនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវអគារបណ្ណាល័យមួយខ្នង  ដើម្បីតំកល់ទុកឯកសារនិងសៀវភៅសំខាន់ៗផ្សេងៗទៀត អគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង ត្រូវបានរៀបចំពិធីក្រុងពពាលី បួងសួង ដើម្បីបញ្ចុះបឋមសិលាសាងសង់ ស្ថិតនៅក្នុងបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង រ៉បមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត មន្ត្រីរាជការអ្នកមុខអ្នកការក្នុងខេត្តបាត់ដំបងនិងប្រជាពលរដ្ឋជាច្រើនទៀត ។

ឯកឧត្តម ងួន រតនៈ បានលើកបញ្ជាក់ថា ការសិក្សាគ្មានទីបញ្ចប់ទេ ហើយការសិក្សាមិនគិតពីឋានៈតួនាទី ឬវ័យនោះដែរ ការសិក្សាអាចប្រព្រឹត្តនៅទីណាក៏បាន កន្លែងណាក៏៏បាន តាមសាលា តាមហាងលក់ទំនិញ ហាងកាហ្វេ ជាដើម ក្នុងនោះបណ្ណាល័យ ដែលជាឃ្លាំងផ្ទុកនូវចំណេះដឹងដ៏សំខាន់របស់យុវជន យុវនារី សិស្សានុសិស្ស និស្សិត ព្រមទាំងអ្នកស្រាវជ្រាវនិងប្រជាពលរដ្ឋគ្រប់ៗរូបឲ្យតែមានចិត្តចង់សិក្សា សំខាន់គឺការអានឯកសារផ្សេងៗឲ្យបានច្រើនដើម្បីឲ្យកើនចំណេះដឹង ។ 

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីជួយលើកកម្ពស់នៃការសិក្សានៅតាមសាធារណៈ ដែលក្រៅអំពីការសិក្សានៅតាមសាលារៀននោះ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវអគារបណ្ណាល័យមួយខ្នង ដែលបាននឹងកំពុងតែធ្វើការបញ្ចុះបឋមសិលាសាងសង់នាពេលនេះ ទុកជាទីកន្លែងបណ្តុះនូវធនធានមនុស្ស ដ៏សំខាន់នៅកណ្តាលក្រុងបាត់ដំបង ដែលអគារបណ្ណាល័យនេះ គឺជាកន្លែងដំកល់នូវឯកសារសៀវភៅនិងចំណេះដឹងផ្សេងៗទៀតសម្រាប់ទុកធ្វើការសិក្សារៀនសូត្របង្កើននូវធនធានមនុស្ស  ។ 

ឯកឧត្តម ងួន រតនៈ  បានទៀតបញ្ជាក់ថា អគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង មិនត្រឹមតែសម្រាប់ការផ្តល់នូវអត្ថប្រយោជន៍ចំពោះអ្នកសិក្សារៀនសូត្រប៉ុណ្ណោះទេ តែជាអគារមួយសម្រាប់ធ្វើការទាក់ទាញនូវកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលមកអង្គុយអានសៀវភៅនិងឯកសារ ដែលមាននៅក្នុងអគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង ដ៏សំបូរបែបឲ្យមានការកើនឡើង ស្របពេលដែលបាត់ដំបងគឺជាខេត្តទេសចរណ៍មួយ  មានសំ ណង់អគារផ្ទះល្វែងនិងសំណង់បុរាណជាច្រើនទៀត ជាបេតិកភ័ណ្ឌរបស់ជាតិបានបន្សល់ទុកមកតាំងពីសម័យបារាំងមកម្ល៉េះ ដែលអគារទាំងនេះបានធ្វើការទាក់ទាញកំណើនភ្ញៀវទេសចរឲ្យមកលេងកំសាន្តនៅខេត្តបាត់ដំបងកាន់តែមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

សូមបញ្ជាក់ថា អគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង ដែលត្រូវកសាងឡើងនៅក្រុងបាត់ដំបង នាពេលនេះ មានទំហំ២០ម៉ែត្រ គុណ៨ម៉ែត្រ កំពស់២ជាន់ ត្រូវបានធ្វើពិធីក្រុងពពាលី បួងសួង ដើម្បីបញ្ចុះបឋមសិលាសាងសង់ តាមបែបព្រហ្មញសាសនា ហើយត្រូវបានស្ថាបនាឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ  ៕ដោយ៖ ឡាច សុគន្ធារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation