មេដឹកនាំចិន ទូលថ្វាយព្រះមហាក្សត្រកម្ពុជាថា ចំណងមិត្តភាពកម្ពុជា-ចិន បានកំណត់ជោគវាសនាប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

ប៉េកាំង៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យទទួលជួបសវនាការជាមួយ លោក ស៊ី ជិនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ។

លោក ស៊ី ជីនភីង បានមានប្រសាសន៍នៅក្នុងជំនួបនោះថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឱ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ហើយវាក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។ លោក បានបន្តលើកឡើងថា ប្រទេសចិន គោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ។

លោក ស៊ី លើកឡើងថា “បណ្តាមេដឹកនាំចិនជាច្រើនជំនាន់ បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយយើងត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត”។

ប្រធានាធិបតីចិនបន្តថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយ ឱ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ។ ជាមួយគ្នានេះ ស៊ី ជីនភីង បានថ្លែងថា ភាគីទាំងពីរគួរតែអនុវត្តផែនការសកម្មភាពនានាដើម្បីកសាងសហគមន៍ចិន និងកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យប្រជាជនទាំងពីរ អាចទទួលបានផលប្រយោជន៍ និងសម្រាប់ជាគំរូក្នុងការគោរពគ្នាទៅវិញទៅមក ព្រមទាំងសម្រាប់ការស្វែងយល់អំពីអរិយធម៌ និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសទាំងពីរ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូល ថ្លែងអំណរគុណជាទីបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទំនាក់ទំនងដ៏ជ្រាលជ្រៅដែលបានផ្តល់ជូនព្រះរាជវង្សានុវង្ស នៃប្រទេសកម្ពុជា និងសម្រាប់ការគាំទ្រដ៏មានតម្លៃ ដែលប្រទេសចិនបានផ្តល់ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាយូរមកហើយ។ ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រទេសកម្ពុជា សូមអបអរសាទរ ប្រទេសចិន ចំពោះសមិទ្ធិផលដែលសម្រេចបានក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតឡើងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ "ផ្លូវមួយខ្សែក្រវាត់មួយ" ។ព្រះអង្គ មានព្រះរាជបន្ទូលបន្តថា សន្និសីទការសន្ទនាស៊ីវិលអាស៊ាន ដែលបានផ្តួចផ្តើមបង្កើតឡើងដោយលោកប្រធានាធិបតី ស៊ី ជីនភីង នៅពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងអស់៕
ប្រភព៖Click News


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation