គណៈធម្មយុត្តិកនិកាយ ប្រារព្ធព្រះរាជពិធីថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រ ក្នុងឪកាសបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះអង្គ
| ព័ត៌មានជាតិ
SHARE

សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជាពិធីថ្វាយព្រះពរ បុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មវស្សាគម្រប់ ៦៦ យាងចូល ៦៧ ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះជន្មអាយុយឺនយួរជាងរយព្រះវស្សា។

នៅក្នុងឱកាសនោះ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអានព្រះរាជសារលិខិតថ្វាយព្រះពរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចម្រើនព្រះជន្មាយុគម្រប់៦៦ វស្សា យាងចូល៦៧ព្រះវស្សា នេះគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាសូមបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នៅក្នុងឱកាសដ៏នក្ខត្តឬទ្ធ វិសេសវិសាល បវរថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៦៦ យាងចូល ៦៧ ព្រះវស្សា គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាសូមព្រះបរមរាជានុញ្ញាត លំឱនកាយសម្តែងនូវក្តីកតញ្ញូតាធម៌ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ ដោយលើក ហត្ថប្រណម្យអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី បុណ្យព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច័្ឆត្រ ព្រមទាំងបុណ្យព្រះបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះប្រទាននូវទឹកមន្តអម្រឹតប្រសិទ្ធិពរ ជ័យថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បី គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខក្សេមក្សាន្ត ដល់ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស អោយបានយូរអង្វែងតរៀងទៅ ។

សូមជម្រាបថា ព្រះរាជពិធី ថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រារពធ្វើឡើង ដោយព្រះសង្ឃថ្វាធ្យាយ ព្រះធម៌ចម្រើនព្រះជន្មវស្សាទៅតាមជំនឿព្រះពុទ្ធសាសនារបស់ខ្មែរយើង និងពិធីថ្វាយគន្ធពិដោរដ៏ស្រស់ចំពោះព្រះបរមឆាយាល័ក្ខរបស់ព្រះអង្គផងដែរ៕អត្ថបទ៖ អ៊ាង គង្គា .រូបភាព៖សេង ថាវរៈ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation