សម្ដេចតេជោ ស្នើឲ្យក្រុមហ៊ុនស្មាត ពិចារណា ជួយដល់សាលារៀន និងមន្ទីរពេទ្យ ដើម្បីឲ្យគ្រូបង្រៀន និងសិស្ស មានឱកាស ប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រូបយកចំណេះវិជ្ជា និងស្វែងយល់ អំពីកត្តាសង្គមផ្សេងៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអនុញ្ញាតឲ្យ លោក តាន់ស៊្រី ចាម៉ាលូឌីន អ៊ីប្រាហ៊ីម (TanSri Jamaludin Ibrahim) នាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ របស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុនធំ របស់ក្រុមហ៊ុន Smart ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោក តាន់ស៊្រី បានគោរពរាយការណ៍ជូន សម្ដេចតេជោថា ក្រុមហ៊ុនស្មាត បានបោះទុនវិនិយោគនៅកម្ពុជា ចំនួន១,៤០០លានដុល្លារហើយ ហើយក្រុមហ៊ុនកំពុង មានគម្រោងបង្កើតវិនិយោគថែមទៀត នោះគឺការវិនិយោគ ទៅលើបច្ចេកវិទ្យាថ្មី ទំនើប ដូចជាប្រព័ន្ធហ្វាយជី (5G) ផងដែរ។

លោកតាន់ស៊្រី បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនស្មាត គឺមិនត្រឹមតែ ដើម្បីរកផលចំណេញនោះទេ គឺដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមកម្ពុជាផងដែរ ជាអាទិ៍ក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងច្រើន ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ។ ក្នុងន័យនេះ លោក តាន់ស៊្រី ក៏បាន ជម្រាបជូនសម្ដេចផងដែរថា ក្រុមហ៊ុននឹងបន្តពង្រីកវិសាលភាព របស់ក្រុមហ៊ុនទៀត ទៅគ្របដណ្តប់នៅតាមទីជនបទ។ ពីនោះទៅទៀត លោក តាន់ស៊្រី ក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនអាចចូលរួមចំណែក កាន់តែខ្លាំងឡើងថែមទៀត នៅក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកតាន់ស៊្រី និងក្រុមហ៊ុន ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យអប់រំ, វិស័យបរិស្ថាន, វិស័យសុខាភិបាលជាដើម។ សម្ដេចបន្តថា ការរួមចំណែកនេះ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចបាន ផ្ដល់អនុសាសន៍ឲ្យក្រុមហ៊ុនពិចារណា ពង្រីកវិសាលភាពរបស់ខ្លួន គ្រប់ដណ្ដប់ទៅលើទីជនបទ ឲ្យបានច្រើនជាទីបំផុត ព្រោះប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្សកម្ពុជា ត្រូវការបច្ចេកវិទ្យានេះ ដើម្បីស្រូបយកចំណេះដឹងថែមទៀត។ សម្ដេចតេជោ ក៏បានស្នើសុំឲ្យក្រុមហ៊ុនពិចារណាផងដែរ ក្នុងការជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឲ្យគ្រូបង្រៀន និងសិស្ស មានឱកាសបានប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រូបយកចំណេះវិជ្ជាផង ដើម្បីស្វែងយល់ អំពីកត្តាសង្គមផ្សេងៗទៀតផង ហើយតាមរយៈការផ្ដល់សេវា គ្របដណ្ដប់ ទៅតាមសាលារៀននេះ អាចទាក់ទាញការចាប់អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធស្មាត ដែលមានស្រាប់នេះ។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យក្រុមហ៊ុន ពិចារណាពិនិត្យមើលប្រព័ន្ធស្មាត នៅក្រៅប្រទេសផងដែរ ធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត មានដំណើរការទាក់ទងបានល្អ នៅក្រៅប្រទេស។ សម្ដេច បានបញ្ជាក់ផងដែរថា សព្វថ្ងៃនេះប្រព័ន្ធស្មាត គឺជាប្រព័ន្ធដ៏ល្អមួយ ជាប្រព័ន្ឋដែលមានល្បឿនលឿន ហើយក៏មានជំនឿទុកចិត្ត និងជឿជាក់យ៉ាងខ្លាំង ពីប្រជាជនកម្ពុជា, ហើយតាមរយៈការពង្រីកវិសាលភាពថែមទៀត ទាំងក្នុងស្រុកនិងក្រៅស្រុក នឹងជំរុញទៅដល់សិស្សានុសិស្ស នៅតាមសាលាផ្សេងៗទៀតនោះ អាចធ្វើឲ្យក្រុមហ៊ុននេះ មានសក្ដានុពល មានចំណាប់អារម្មណ៍ និងមានជំនឿជឿជាក់កាន់តែខ្លាំងឡើង៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation