កម្ពុជា បង្កើតរោងចក្រ ផលិតទុយោទឹក សម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបំរើឲ្យវិស័យកសិកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា  
| ព័ត៌មានជាតិ
SHARE

រោងចក្ររ៉ូសផ្លាស្ទីក ខេមបូឌា ជាការវិនិយោគរបស់វិស័យឯកជន រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រោងចក្រផលិតទុយោទឹកសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបំរើឲ្យវិស័យកសិកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា។ រោងចក្រនេះ បានបើកដំណើរ និងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា អ៊ឹង សែ ស្ថាបនិករោងចក្ររ៉ូផ្លាស្ទិក រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យសំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម និងការប្រើប្រាស់សម្ភារៈសំណង់នៅទូទាំងប្រទេស លោកឧកញ៉ា អ៊ឹង សែ ស្ថាបនិក និងជាអភិបាល រោងចក្ររ៉ូសផ្លាស្ទិក បានសម្រេចចិត្តបង្កើតរោងចក្រនេះ ក្នុងគោលដៅច្បាស់លាស់ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ ក៏ដូចជាលក្ខណៈសាកល។ លោកឧកញ៉ា បន្តថា រោងចក្រនេះ ដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដែលហៅថា ឧស្សាហកម្ម ៤.០ ដើម្បីផលិតទុយោស្របតាមស្តង់ដា។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា រោងចក្ររ៉ូសផ្លាស្ទីក ជាការវិនិយោគរបស់វិស័យឯកជន ដែលបាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការពង្រីក និងពង្រឹង សមត្ថភាពក្នុងវិស័យឧស្សាហកម្ម។

សូមជំរាបថា ការបង្កើតរោងចក្រនៅកម្ពុជាជាបន្តបន្ទាប់ ឆ្លុះបង្ហាញពីការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតនូវផលិតផលនានា ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានាំផលិតផលខ្មែរទៅលើទីផ្សារអន្តរជាតិ លើកកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនសមត្ថភាពអោយកូនខ្មែរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។អត្ថបទ ÷អៀវ ឈៀងនី  

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation