រដ្ឋមន្ត្រីកិច្ចការនារី អំពាវនាវឲ្យដៃគូអភិវឌ្ឍន៍ ជួយគាំទ្រដល់ការរៀបចំ ប្រព័ន្ធតាមដាន និងវាយតម្លៃ លើផែនការយុទ្ធសាស្ត្រនារីរតនៈ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៣ ខែធ្នូនេះ បានមានប្រសាសន៍ថា ដោយសារកន្លងមក ប្រព័ន្ធតាមដាន និងវាយតម្លៃ ទៅលើការអនុវត្ត ផែនការយុទ្ធសាស្ត្រនារីរតនៈ មានចំណុចខ្សោយច្រើន ព្រោះក្រសួងបច្ចេកទេស តាមវិស័យ​នីមួយៗ នៅមានសមត្ថភាព​ខ្សោយ។

ក្នុងន័យនេះ លោកជំទាវ បានអំពាវនាវ ឲ្យដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិល ដែលធ្វើការជាមួយ ក្រសួងបច្ចេកទេសតាមវិស័យ នីមួយៗ ជួយគាំទ្រដល់ក្រសួងបច្ចេកទេសតាមវិស័យ ឲ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃសមភាពយេនឌ័រ ឲ្យបានច្បាស់លាស់ ទៅតាមវិស័យទាំងនោះ។

ការអំពាវនាវរបស់ លោកជំទាវរដ្ឋមន្ត្រី បានធ្វើឡើង នាទីស្តីការក្រសួង នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥​។

គួរជម្រាបថា សេចក្តីព្រាងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ​គឺជាផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ក្នុងការចូលរួមអនុវត្តគោល នយោបាយជាតិ តាមរយៈតួនាទីរបស់ក្រសួងកិច្ចការនារី ក្នុងការសម្របសម្រួល និងគាំទ្រដល់ក្រសួងស្ថាប័ន។ ​ផែនការនេះ រៀបចំឡើងស្របតាមតម្រូវការចាំបាច់ របស់ក្រសួងកិច្ចការនារី ដើម្បីឆ្លើយតបនឹងតម្រូវការ របស់សង្គមកំពុងវិវត្តន៍។

​ សូមជម្រាបដែរថា កន្លងមក ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ចំនួន០២លើក រួចមកហើយ
ហើយសិក្ខាសាលា​លើកទី០៣ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន នាពេលនេះ គឺដើម្បីឈានទៅសម្រេច ឯកសារធំៗចំនួន២ គឺគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ រួមទាំងឯកសារប៉ាន់ ប្រមាណយេនឌ័រ នៅកម្ពុជា ឆ្នាំ២០១៩៕ អត្ថបទ​ ​៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation