អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានមន្ទីរពេទ្យ និងកន្លែងផ្តល់សេវាកម្មថែទាំសុខភាពជាង ៩ពាន់កន្លែង ទាំងរដ្ឋ និងឯកជន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនិងមន្ទីរពេទ្យ FV ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ រៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារភ្នំពេញ ស្តីពីបច្ចេកវិទ្យាទំនើប ក្នុងការតាមដាន ព្យាបាល មហារីកពោះវៀនធំ និងមហារីកថ្លើមដើម្បីផ្តល់ជាចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមវត្តមានឧកញ៉ា ងូន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង លោកវេជ្ជបណ្ឌិត Do Thong Khanh តំណាងមន្ទីរពេទ្យ FV ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសនោះ ឧកញ៉ា ងូន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សុខភាពគឺជាកត្តាសំខាន់សម្រាប់ការរស់នៅ ដូចជាពុទ្ធភាសិតមួយឃ្លាលើកឡើងថា ការមិនមានរោគ ឈ្មោះថាជាលាភដ៏ប្រសើរ។ លោកឧកញ៉ា បន្តថា ទាល់តែមានសុខភាពល្អមាំមួន ទើបយើងមានលទ្ធភាពចូលរួមពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម និងលើកស្ទួយជីវភាពរស់នៅ។

បើតាមលោកឧកញ៉ា បច្ចុប្បន្ន នៅទូទាំងប្រទេសមានមន្ទីរពេទ្យ និងកន្លែងផ្តល់សេវាកម្មថែទាំសុខភាព ជាង ៩ពាន់កន្លែង រួមមានទាំងរដ្ឋ និងវិស័យឯកជន ដែលក្នុងនោះមានទាំងមន្ទីរពេទ្យកម្រិតអន្តរជាតិផងដែរ ដូចជា ជប៉ុន ថៃ និងសឹង្ហបូរី ដែលបាននាំមកនូវបរិក្ខាទំនើបៗ និងវេជ្ជបណ្ឌិតមកពីបរទេស។
ឧកញ៉ា ងួន ម៉េងតិច បានឲ្យដឹងទៀតថា វិស័យសុខាភិបាល ជាវិស័យអាទិភាព ដែលបានចូលរួមចំណែកដល់សុខភាពសង្គម ប៉ុន្តែវិស័យនេះក៏ប្រឈមបញ្ហានានា និងការផ្តល់នូវសេវាកម្មសុខភាពប្រកបដោយសមធម៌ផងដែរ។ វិស័យសុខាភិបាលកម្ពុជានៅមានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយ និងទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលអាចចូលរួមចំណែក វិនិយោគជាមន្ទីរពេទ្យ ឬសេវាសុខភាពកម្រិតស្តង់ដារអន្តរជាតិ ទាំងជំនាញបច្ចេកទេស និងបរិក្ខា ដើម្បីជួយបំពេញបន្ថែមគ្នាទៅវិញទៅមក។

សូមជំរាបថា សិក្ខាសាលាស្តីពីបច្ចេកវិទ្យាទំនើប ក្នុងការតាមដាន ព្យាបាល មហារីកពោះវៀនធំ និងមហារីកថ្លើម បានបង្ហាញពីចំណេះដឹងទាក់ទងនិងការកើតជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកថ្លើម ដោយសារមកពីការទទួលទានសាច់ច្រើនពេក ហើយវេជ្ជបណ្ឌិតបានឲ្យដំបូន្មានថា គួរទទួលទានបន្លែឲ្យបានច្រើនជាងសាច់ ដើម្បីជៀសវាងការកើតជំងឺទាំងនេះ៕ដោយ៖អៀវ ឈៀងនី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation