ជប៉ុន បង្កើតគម្រោងចិញ្ចឹមត្រីឲ្យទទួលបានទិន្នផលខ្ពស់តាមរយៈការប្រើបច្ចេកវិទ្យាទំនើប ដោយជម្រុញឲ្យប្រជាពលរដ្ឋនៅឃុំស្រអែម ខេត្តព្រះវិហារងាកមកចាប់យកមុខរបរនេះ ដើម្បីទទូលបានប្រាក់ចំណូលបន្ថែម ពីលើការងារធ្វើស្រែចំការ
| ព័ត៌មានជាតិ
SHARE

អ្នកវិនិយោគជប៉ុនមួយរូប បានបង្ហាញពីគោលបំណងបង្កើតគម្រោងចិញ្ចឹមត្រី និងភ្ញាស់កូនត្រី ជាសហគមនដល់ប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះវិហារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីចេះចិញ្ចឹមត្រីតាម បច្ចេកវិទ្យទំនើប ដែលអាចទទួលបានទិន្នផលខ្ពស់ និងប្រាក់ចំណូលបន្ថែម និងបង្កើតមុខរបរនេះសម្រាប់ពួកគាត់ទៅថ្ងៃអនាគត់ ។

លោក តិរាអូ ស៊ិនូបឹ នាយកគ្រប់គ្រងក្រុមហ៊ុន លីតិច ( Litech) របស់ជប៉ុន បានឲ្យដឹងថា គម្រោងនេះមានផែនការច្រើនឆ្នាំមកហើយ ដោយគិតជាសំខាន់ជាងគេ គឺបង្កើតកន្លែងភ្ញាស់កូនត្រី ដើម្បីពង្រីក វិសាលភាពនៃការចិញ្ចឹមត្រីនៅជុំវិញខេត្តព្រះវិហារឲ្យបានច្រើន ដោយសង្ឃឹមថា នៅថ្ងៃក្រោយអាចផលិតបានកូនត្រីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃថោក ប្រជាពលរដ្ឋអាចងាកមកចិញ្ចឹមត្រីវិញ ដែលនេះជាការបង្កើតមុខរបរបន្ថែម ពីលើការងាធ្វើស្រែចំការបច្ចុប្បន្ន។

លោកសង្ឃឹមថា គម្រោងនេះអាចនិងជោគជ័យ ដើម្បីបង្កើតសេដ្ឋកិច្ចជូនប្រជាជនមួយកម្រិតទៀត ដោយប្រជាពលរដ្ឋនិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចិញ្ចឹមត្រី និងបច្ចេកទេសថ្មី ដែលនៅក្នុងគម្រោងនេះ ក៏មានបំណងនាំប្រជាកសិករ ទៅរៀនពីបច្ចេកទេសចិញ្ចឹមត្រីនៅប្រទេសថៃផងដែរ។ លើសពីនេះ អត្ថប្រយោជន៍សំខាន់ទៅថ្ងៃក្រោយ ក្រុមហ៊ុនក៏និងជម្រុញទីផ្សារផ្នែកលក់ត្រី ដែលកសិករអាចមានទីផ្សារតាមរយៈក្រុមហ៊ុនដែលមានស្រាប់នេះ។

នេះជាគម្រោងថ្មីមួយ ក្នុងការជួយប្រជាកសិករឲ្យទទួលបានមុខរបរបន្ថែម។ ប្រជាពលរដ្ឋប្រមាណជិត ៥ពាន់គ្រួសារ ដែលរស់នៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរព្រះវិហារ ពី ២០ ទៅ ៣០ភាគរយ គឺមានស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួន ហើយការបង្កើតកន្លែងភ្ញាស់កូនត្រីនៅទីនេះផ្ទាល់ វាផ្តល់លក្ខណៈងាយស្រួលសម្រាប់ពួកគាត់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានច្រើន ក្នុងការរកទិញកូនត្រី និងចំណីត្រី មិនពិបាកស្វែងរកទិញដូចមុន។ បើតាមក្រុមហ៊ុន គម្រោងរបស់ជប៉ុនមួយនេះ មិនផ្តោតសំខាន់ទៅលើប្រាក់ចំណេញនោះទេ ប្រាក់ដែលបានពីការលក់កូនត្រីឲ្យប្រជាកសិករ ក្រុមហ៊ុននិងយកទៅជួយប្រជាពលរដ្ឋក្រីក្រនៅឃុំផ្សេងទៀតដែលនៅក្បែរនោះ និងជាពិសេសយកទៅកសាងកន្លែងផលិតទឹកស្អាត និងអណ្តូងទឹកចំនួន១០០ ដើម្បីជួយប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។

សូមជម្រាបថា នេះគឺជាគម្រោងអេកូវីលីក (Eco Village) ដែលមានកិច្ចសហការរវាងក្រុមហ៊ុនជប៉ុន និងអាជ្ញាធរព្រះវិហារ ដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅតំបន់នេះឲ្យទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមត្រី ដោយអេកូវីលីក (Eco Village) ស្ថិតនៅក្នងដែនគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ។ នៅក្នុងនោះដែរ ក្រុមហ៊ុនលីតិចរបស់ជប៉ុន(Litech) ក៏បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយអាជ្ញាធរព្រះវិហារ ដើម្បីជម្រុញគម្រោងនេះឲ្យទទួលបានជោគជ័យផងដែរ។ អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation