ព័ត៌មានជាតិ

សម្តេច ប៊ុន រ៉ានី ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបផ្ញើព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ ក្នុងឱកាសថ្ងៃខួបកំណើត

image

ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរជ័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែធ្នូ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានផ្ញើព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ ក្នុងឱកាសថ្ងៃខួបកំណើត។

នៅថ្ងៃទី១៣ធ្នូនេះ ព្រះមហាក្សត្រ និងហ្លូងម៉ែ សម្តែងសេចក្តីអបអរសាទរ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំបំពេញភារកិច្ចមនុស្សធម៌ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រអស់ពីកម្លាំងកាយ ចិត្ត គ្រប់កាលៈទេសៈ ក្នុងទាំងប្រទេសកម្ពុជា។ ក្នុងឱកាសខួបចម្រើនព្រះជន្មាយុនេះ ព្រះអង្គទាំងទ្វេ បានប្រទានរាជសារ ជូនពរបវរមហាប្រសើរ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

នៅថ្ងៃនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ ដែលបានផ្ញើព្រះរាជសារប្រទានពរជ័យ ក្នុងឱកាសថ្ងៃខួបកំណើត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងសេចក្តីរំភើបរីករាយឥតឧបមា ដោយទទួលបាននូវព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រធំ ជាព្រះរាជទានដ៏ឧត្តុង្គឧត្តម អំពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យចំនួន ១ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសថ្ងៃខួបកំណើតខ្ញុំម្ចាស់៕