សម្តេចតេជោ ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នា​​ទៅវិញទៅមក ធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំកំពូល ទាំងនៅ​កម្ពុជានិងវៀតណាម នៅឆ្នាំក្រោយ ទទួលបានជោគជ័យ
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានទទួលជួបជាមួយ ឯកឧត្តម ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគោរពអញ្ជើញ សម្ដេចតេជោ ទៅធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ។ ឯកឧត្តម ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោ អំពីវឌ្ឍនភាព និងការរីកចម្រើន ផ្នែកសេដ្ឋកិច្ច នៅ​វៀតណាមផងដែរ​។

  ឯកឧត្តម ក៏បានសំដែងនូវការរីករាយ ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការទ្វេភាគី រវាងកម្ពុជានិងវៀតណាម លើគ្រប់វិស័យ ជាពិសេស លើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែន វិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។​ ឯកឧត្តម បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជានិងវៀតណាម អាចឈានទៅដល់​ ការកំណត់៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅឆ្នាំ២០២០នេះ។   

  ឯកឧត្តម​​ បន្តថា វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន នៅឆ្នាំក្រោយនេះ ហើយក៏នឹងក្លាយទៅ ជាសមាជិកមិនអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិផងដែរ, ឯកឧត្តម បានស្នើសុំឲ្យកម្ពុជា គាំទ្រនិងសហការគ្នា ធ្វើយ៉ាងណា ឲ្យកិច្ចសហប្រត្តិការរបស់ប្រទេសទាំងពីរ មានការរីកចំរើន កាន់តែខ្លាំងឡើងថែមទៀត នឹងទទួលបានជោគជ័យ។

  ជាការឆ្លើយតប សម្ដេចតេជោ ​បានមានប្រសាសន៍ថា ​នឹងធ្វើទស្សនកិច្ចនៅវៀតណាម នៅពេលសមស្របមួយ។ សម្ដេចបន្តថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច របស់វៀតណាម គឺជួយដល់ការរីកចម្រើនស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ។ ក្នុងន័យនេះ សម្ដេចបាន ​លើកទឹកចិត្ត ឱ្យធ្វើយ៉ាងណាជំរុញ កិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួល ដល់ពាណិជ្ជកម្ម នៅតាមព្រំដែនរវាងប្រជាជនទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀត។ 

  ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកំណត់​ឲ្យបាន​៥ពាន់លានដុល្លារ នៅឆ្នាំ២០២០នេះ, សម្តេចតេជោ បានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម គឺអាចធំជាង៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្ម តែមានក្នុងបញ្ជី មានតួរលេខផ្សេង ដោយឡែក យើងក៏មានពាណិជ្ជកម្ម ដែលមិនមានចុះបញ្ជីផងដែរ ជាអាទិ៍ ការនាំស្រូវទៅ​វៀតណាមជាដើម គឺមិនមានការកត់ត្រា ច្បាស់លាស់នោះទេ។

  ​សម្ដេចក៏បានសំដែង នូវការអបអរសាទរ ចំពោះវៀតណាម ដែលនឹងបានធ្វើជាប្រធានអាស៊ាន​ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ នៅឆ្នាំក្រោយ​។ ​សម្ដេចបានមានប្រសាសន៍ថា កម្ពុជានៅឆ្នាំក្រោយនេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះ ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ក្នុងន័យនេះ គប្បីណាប្រទេសទាំងពីរ សហការគ្នាជួយ​ទៅវិញទៅមក ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទាំងនៅវៀតណាម​ ទាំងនៅកម្ពុជា ទទួលបានជោគជ័យ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏បាន​រីកចម្រើនធំធាត់ឡើងថែមទៀត៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation