ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នមជ្ឈដ្ឋានមហាជនបានចាប់អារម្មណ៍ជាខ្លាំងលើការស្នើ សុំចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានប្រព្រឹត្តនៅ ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគពិសេស ព្រមទាំងគ្រប់បណ្តាកងឯកភាពចំណុះ និងដោយឡែកតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រមូលផ្តុំអនុវត្តតួនាទី និងភារកិច្ច សម្រេចបានស្នាដៃ និងលទ្ធផលការងារស្នូលសំខាន់ៗជាច្រើន ធានាបាននូវប្រៀបការពារជាតិ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការជ្រើសរើស ថ្នាក់ដឹកនាំអង្គភាព ពោលគឺមេបញ្ជាការ ឬនាយសេនាធិការ បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ហើយមិនមែនជាការផ្ទេរសិទ្ធអំណាចនោះទេ ប៉ុន្តែជាការផ្ទេរការទទួលខុសត្រូវបន្តពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ ដូច្នេះការដំឡើងឋានៈ និងតែងតាំងមុខងារ កម្រិតថ្នាក់បញ្ជាការនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោក ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ភាពតស៊ូអំណត់ព្យាយាម និងឥរិយាបទទទួលខុសត្រូវចំពោះការងាររបស់សាមីខ្លួននីមួយៗ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយត្រូវយកចិត្តទុកដាក់អនុវត្តការងារដឹកនាំគ្រប់គ្រងកម្លាំងឱ្យបានល្អ ចាត់តាំងប្រគល់ភារកិច្ចឱ្យសមស្របតាមជំនាញ ហើយក៏ត្រូវពង្រឹងផងដែរលើការងារហ្វឹកហ្វឺន, ការងារបច្ចេកទេស, ការលើកស្ទួយជីវភាព និងសុខមាលភាពកងទ័ព, និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាងល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកគិតគូរ និងដោះស្រាយគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកិត្តិយសនៃការបំពេញតួនាទី និងភារកិច្ចបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាក់ស្តែង ឆ្លងតាមដំណើរការនៃការជ្រើសរើសយោធិនសព្វថ្ងៃនេះ មជ្ឈដ្ឋានមហាជនបានចាប់អារម្មណ៍ជាខ្លាំងលើការស្នើ សុំចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹង, ការគោរពស្រឡាញ់ និងការឱ្យតម្លៃលើកិត្តិយស និងសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់កងទ័ពចំពោះជាតិមាតុភូមិ ជាតួនាទីប្រកបដោយ ការលះបង់ និងការទទួលខុសត្រូវចំពោះអាយុជីវិតប្រជាជន និងជោគវាសនាប្រទេសជាតិ ដោយប្រើប្រាស់ចំណេះដឹងជំនាញដឹកនាំ, ចំណេះដឹងយុទ្ធសាស្ត្រ ចំណេះដឹងយុទ្ធវិធី ដែលទទួលបានពីការអប់រំហ្វឹកហ្វឺនដ៏ហ្មត់ចត់បំផុត៕អត្ថបទ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation