សម្តេចតេជោ ទទួលជួបជាមួយ ប្រធានក្រុមហ៊ុនមីនីបៀ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ បានអនុញ្ញាតឲ្យ លោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ថ្លែងឲ្យដឹងថា លោកកៃនូម៉ា បានគោរពរាយការណ៍ជូនសម្ដេចតេជោថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួនទឹកប្រាក់៣៧២លានដុល្លារសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅដល់រហូតដល់៤០០ លានដុល្លារសហរដ្ឋអាមេរិក។

លោកក៏បានគោរពរាយការណ៍ជូន សម្ដេចតេជោផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាត ឱ្យផលិតឧបករណ៍ សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះ គឺនឹងបិតស្លាកថា made in cambodia មានន័យថា ផលិតនៅកម្ពុជា ហើយផលិតផលនេះគឺនាំចេញទៅទូទាំងពិភពលោក។ លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករចំនួន៧ពាន់នាក់ហើយ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់ សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ហើយកម្មករទាំងនោះ បានមកពីខេត្តចំនួន១០ នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្រៅពីការផលិតឧបករណ៍ សម្រាប់ល្បែងកំសាន្តនេះ ក៏មានការផលិតភ្លើងឆ្លាត ផងដែរ លោកក៏បានគោរពជម្រាបជូន សម្តេចតេជោថា ក្រុមលោកបានធ្វើការផលិត ភ្លើងឆ្លាត ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុង សៀមរាប បានចំនួន៦៨៩២គ្រឿងហើយ ហើយនៅក្រៅប្រទេស ក៏មានបំពាក់ផងដែរ ដោយផលិតផលនៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ ២ម៉ឺនអំពូលហើយ , នៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ផងដែរ។ 

ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អកាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនី បានច្រើន ជួយដល់បរិស្ថានផង ហើយនិងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោកកៃនូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផងដោយការប្រើប្រាស់ភ្លើងឆ្លាត នៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។ 

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ សម្ដេចតេជោធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយ តែពេលនេះក្រុមហ៊ុនមីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់ និងឈានរហូតដល់២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផល ដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។ 

ពាក់ព័ន្ធទៅនឹងការផលិតឧបករណ៍ល្បែងកំសាន្ត ដែលបិទស្លាកថាផលិតនៅកម្ពុជា, សម្ដេចបានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថាផលិតនៅកម្ពុជា ហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាអំពូលឆ្លាត សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតអំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ។ សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូល បី, គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ , ក្នុងន័យនេះយើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយ ការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង ។ 

សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូ របស់ក្រុមហ៊ុនមីនីបៀផងដែរ នូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់ កាត់បន្ថយតម្លៃសម្រាប់ការផលិត, សម្រាប់ការដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាសម្រួលការវិនិយោគ ឱ្យអ្នកវិនិយោគមកកាន់កម្ពុជា បានទទួលជោគជ័យនិងមានភាពងាយស្រួល៕អត្ថបទ : សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation