សម្តេចតេជោ ឆ្លើយតបនឹងចម្ងល់របស់សាធារណជន ពាក់ព័ន្ធនឹងការបរិច្ចាគថវិកា របស់សប្បុរសជន ជួយដល់មន្ទីរពេទ្យកាល់ម៉ែត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានធ្វើការបកស្រាយ ទាក់ទងទៅនឹងចម្ងល់ របស់សាធារណជន ដែលសួរថាហេតុអ្វី​សប្បុរសជន ចូលរួមបរិច្ចាគថវិកា ដល់ការ​បំពាក់សម្ភារៈថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត ខណៈមន្ទីរពេទ្យនេះ ព្យាបាលគិតថ្លៃពីអ្នកជំងឺនោះ។

សម្តេចតេជោ បានឆ្លើយតបថា មន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ន កំពុងទទួល​ព្យាបាលអ្នកជំងឺ ចំនួន៤ប្រភេទ៖ ទី១.​ព្យាបាលមនុស្សក្រីក្រ ​, ទី២.​អ្នកកាន់ប័ណ្ណសមធម៌, ទី៣.អ្នកកាន់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម, ទាំង៣ប្រភេទនេះ មិនយកលុយទេ ដោយឡែក ប្រភេទទី៤.ព្យាបាលអ្នកដែលមានលទ្ធភាព គឺបង់លុយ ដូច្នេះមានន័យថា មន្ទីរពេទ្យកាល់ម៉ែត កំពុងប្រើប្រាស់​មន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ។

សម្តេចតេជោ​ បានបញ្ជាក់ដែរថា នៅពេលដែលមន្ទីរពេទ្យកាល់ម៉ែត សាងសង់អគារថ្មីរួចរាល់ នាពេលខាងមុខ សម្តេចអាចនឹងឈប់ ទៅពិនិត្យ និងព្យាបាលសុខភាព នៅមន្ទីរពេទ្យ នាប្រទេសសិង្ហបុរីហើយ ដោយងាកមកពិនិត្យ និងព្យាបាលសុខភាព នៅក្នុងប្រទេសវិញ។

ការបកស្រាយរបស់សម្តេចតេជោ បានធ្វើឡើង នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) ជាង៦,៧០០នាក់ នៅរាជធានីភ្នំពេញ។

តាមប្រសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រហូតដល់ពេលនេះ ថវិកាបរិច្ចាគពីសប្បុរសជននានា មានចំនួនប្រមាណ៧២លានដុល្លារអាមេរិកហើយ ខណៈរាជរដ្ឋាភិបាល ផ្តល់បា្រកចំនួន៣០លានដុល្លារអាមេរិក ដើម្បីជួយសាងសង់ និងបំពាក់សម្ភារៈថ្មី នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យដំណើការពិនិត្យ និងព្យាបាល នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពជឿនលឿន៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation