រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា៖ ជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាថ្លែងថា​ ជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា។កន្លងមកប៉ុន្មាន​ ឆ្នាំចុងក្រោយនេះជប៉ុនតែងឈរនៅលំដាប់លេខ៧ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់​ប្រទេសកម្ពុជា។ ប្រសាសន៍ឯកឧត្តម​ រដ្ឋមន្ត្រីថោងខុនបានធ្វេីនៅថ្ងៃទី៧ធ្នូនេះ​ ក្នុងពិធីបើក Japan Travel Fair លើកទី៣ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON សែនសុខ​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជាលោក Mikami Masahiro​ ផងនោះដែរ។ 

ឯកឧត្តម​ រដ្ឋមន្ត្រីថោងខុសបានថ្លែងនៅក្នុងពិធីថាទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា។កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះជប៉ុនតែងឈរនៅ​ លំដាប់លេខ៧ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់ប្រទេសកម្ពុជា។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ យើងទទួលបានទេសចរជប៉ុនជាង២១ម៉ឺននាក់

(កើនឡើង ៣.៥%) ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង៦លាននាក់ហើយនៅ៩ខែ ដើមឆ្នាំ២០១៨នេះទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាង៤.៨លាននាក់(+១០%)ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ ជាមួយនឹងកំណើន២.៨%ធៀបនឹងឆ្នាំ២០១៨។

ឯកឧត្តម​ រដ្ឋមន្ត្រីបានថ្លែងថាដេីម្បីសម្រេចបាននូវ​កំណេីនប្រចាំឆ្នាំដ៏ល្អនៃការមកដល់របស់ចំនួនទេសចរអន្តរជាតិ គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ជាយុទ្ធសាស្ត្រច្បាស់លាស់របស់ រាជរដ្ឋាភិបាល កម្ពុជា​ដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃនិងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុនüommignu ĝümi On Arrival, E-Visa, Multiple Visa,ចូលច្រើនដង សម្រាប់​រយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ (ចាប់អនុវត្តតាំងពី២០១៣)។

ឯកឧត្តម​ រដ្ឋមន្ត្រីថាពិពរ័ណទេសចរណ៍ជប៉ុនលើកទី៣ដែលកំពុងប្រារព្ធឡើងនេះ​ មិនត្រឹមតែជួយ​ ផ្សព្វផ្សាយ និង ជម្រុញទេសចរណ៍រវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេតែថែមទាំង​ បានឆ្លុះបញ្ចាំងនូវសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសមិត្តយើងទាំងពីរដែលមាន​ ប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់មកហើយ ជាអាទិ៍ ជប៉ុនជាដៃគូអភិវឌ្ឍនិងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ ប្រទេស​ ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩នោះថា​ លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៣នេះ​ បន្តពីឆ្នាំមុន។​ ឯកឧត្តម​ ឯកអគ្គរាជទូតជប៉ុនថ្លែងថាលោកបានមកប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរាជទូតនេះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩​ ដែលមានរយៈពេល៣ខែ​ហើយ។ លោកថា​ លោកក៏ធ្លាប់បានមក​ ទស្សនកិច្ចនៅទីក្រុងភ្នំពេញកាលពី ១៧ ឆ្នាំមុនផងដែរ​ ប៉ុន្តែទេសភាពរបស់ទីក្រុងភ្នំពេញបច្ចុប្បន្នគឺខុសគ្នាឆ្ងាយ​ ពីពេលនោះ​ ខ្លាំងណាស់​ ដែលនាំអោយលោកមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ​ សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់របស់ប្រទេស​ កម្ពុជា។

ឯកឧត្តម​ មិកាមិ ម៉ាសាហ៊ីរ៉ូ​ បានថ្លែងទៀតថាក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននិងកំពុង ទៅទស្សនាប្រទេសជប៉ុនកាន់តែច្រើនជាងពេលមុន។ជាពិសេសប្រជាជនកម្ពុជាជាច្រើនទៅកម្សាន្តនៅប្រទេស ជប៉ុនក្នុងរដូវផ្កាសាគូរ៉ា។ លោកថាប្រទេសជប៉ុនមាន៤រដូវគឺ និទាឃរដូវ រដូវក្តៅ _ រដូវស្លឹកឈើជ្រុះនិងរដូវរងារ។

ក្នុងខែមីនានិងមេសាដែលជារដូវផ្កាសាគូរ៉ាឆ្នាំនេះ ប្រជាជនកម្ពុជាប្រមាណ ៨០០០ នាក់បានទៅទស្សនាប្រទេសជប៉ុន កើនឡើងចំនួន ៣៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់​ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លាស្មើនឹងប្រមាណ១៥%នៃ​ហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ចូលរួមអភិវឌ្ឍ​ សេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុន​ ជប៉ុននៅកម្ពុជាបានកើនឡើងដល់ចំនួនជាង២,៥ពាន់លាន​  ដុល្លា ស្មើនឹង១៣៧គម្រោង ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករ​ ជប៉ុនរហូតដល់១,៧០០នាក់។ លើសពីនេះ ពិពរ័ណទេសចរណ៍ជប៉ុននៅកម្ពុជានេះ​ ក៏បានផ្តល់សារដ៏សំខាន់ដល់ប្រទេសដទៃឲ្យឃើញពីចំណងមិត្តភាពដំរីងមាំ និងការជឿជាក់របស់វិនិយោគិនជប៉ុនមកលើទឹកដីព្រះរាជាណាចក្រអច្ឆរិយះផងដែរ៕អត្ថបទ÷ម៉ៅ​ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation