សភាពាណិជ្ជកម្មកម្ពុជា គាំទ្រធុរកិច្ចវៀតណាម ធ្វើសកម្មភាពវិនិយោគច្រើនឡើងនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

វេទិកាលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម បានរៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក វ៉ាងមិញ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ម៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា រួមនិងធុរកិច្ចវៀតណាមជាច្រើនរូបផ្សេងទៀត។

វេទិការធុរកិច្ចកម្ពុជា វៀតណាមនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតវៀតណាមនៅប្រទេសកម្ពុជា ដើម្បីជម្រុញដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំវេទិកានេះឡើង ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និង សក្តានុពលវិនិយោគ បច្ចុប្បន្នភាពនៃគោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមបន្តថា ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ត្រឹមខែតុលា ឆ្នាំ២០១៩ កម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម ម៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ ៤,៧ ប៊ីលានដុល្លារ នៅឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ជាង ៩៦៦ លានដុល្លារ និងវៀតណាមនាំមកកម្ពុជាវិញមានទំហំទឹកប្រាក់ជាង ៣,៧ ប៊ីលានដុល្លារ។ ឯកឧត្តមបន្តថា កម្ពុជាជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស។

វៀតណាមបានវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម និងរុក្ខាប្រម៉ាញ់ ហិរញ្ញវត្ថុ ធនាគារ និង ការធានារ៉ាប់រង។ល។ តាមការប៉ាន់ស្មាន មានក្រុមហ៊ុនវៀតណាមច្រើនជាង២០០ក្រុមហ៊ុន កំពុងមានប្រតិបត្តិការនៅកម្ពុជា ដែលមានមូលធនសរុបច្រើនជាង ៣ប៊ីលានដុល្លារ។ 

លោកឧកញ៉ា លឹម ហេង តំណាងអ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា កម្ពុជាបើកចំហការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ។ ការវិនិយោគនៅកម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគបរទេសបណ្តាក់ទុនវិនិយោគ១០០% ដោយមិនតម្រូវឱ្យមានការចូលរួមពីដៃគូក្នុងស្រុក លើគ្រប់វិស័យទាំងអស់។ លោកឧកញ៉ា បានគាំទ្រ និងអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគឬសហការវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

បើតាមសហគមន៍ធុរកិច្ចវៀតណាម ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មវៀតណាម -កម្ពុជា សម្រេចបាន ៨,៤ ពាន់លានដុល្លារកើនឡើង ១៣,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ហើយគេរំពឹងថា នៅក្នុងឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងឈានដល់៥,២ពាន់លានដុល្លារអាមេរិក ដែលលើសពីគោលដៅ៥ពាន់លានដុល្លារអាមេរិកកាលពីលើកមុន។អត្ថបទ ÷អៀវ ឈៀងនី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation