ព័ត៌មានអន្តរជាតិ

កុមារ៥២នាក់ហើយបានបាត់បង់ជីវិតដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសសាម័រ

image

សាម័រ៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសសាម័របានកើនឡើងដល់៦០នាក់នៅថ្ងៃពុធនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល, ភាគច្រើននៃអ្នកដែលបាត់បង់ជីវិតគឺជាកុមារដែលក្នុងនោះកុមារ៥២នាក់ក្នុងចំណោម៦០នាក់មានអាយុ៤ឆ្នាំឬក្រោម៤ឆ្នាំ។

ប្រទេសសាម័រដែលមានពលរដ្ឋប្រមាណ២០ម៉ឺននាក់នេះនឹងចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងនៅតាមផ្ទះនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រនិងបានជូនដំណឹងឲ្យពលរដ្ឋដាក់ទង់ក្រហមឬក្រណាត់ក្រហមនៅមុខផ្ទះរបស់ពួកគេដើម្បីជាសញ្ញាបង្ហាញថាសមាជិកគ្រួសាររបស់ពួកគេមិនទាន់បានចាក់ថ្នាំវ៉ាក់សាំង។

បច្ចុប្បន្នជំងឺកញ្ជ្រឹលជាង៤ពាន់ករណីហើយបានកើតឡើងនៅក្នុងប្រទេសដែនកោះមួយនេះដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ខណៈដែលការឆ្លងជំងឺកញ្ជ្រឹលបានកើនឡើងនៅក្នុងប្រទេសសាម័រ, អង្គការសុខភាពពិភពលោកបានព្រមានពីការធ្លាក់ចុះនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលុបបំបាត់ជំងឺនេះ៕