ឯកអគ្គរដ្ឋទូតថ្មីស៊ុយអែតប្រចាំកម្ពុជា ប្ដេជ្ញាជំរុញនិងពង្រឹងទំនាក់ទំនង ដែលមានស្រាប់ ជាមួយកម្ពុជា ឲ្យរឹងមាំបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យឯកឧត្តម ប៊ីយ៉ន ហេងម៉ាក (Bjorn Haggmark) ឯកអគ្គរដ្ឋទូតថ្មី ស៊ុយអ៊ែត ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព។

តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់ឲ្យដឹងថា ឯកឧត្តម ប៊ីយ៉ន ហេងម៉ាក ជម្រាបជូន សម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបាន មានប្រសាសន៍ថា ឯកឧត្តម បានស្វែងយល់អំពីសោកនាដកម្ម របស់កម្ពុជាកន្លងមក ដែលសោកនាដកម្មទាំងនោះ គួរគប្បីណា ទប់ស្កាត់កុំឲ្យមានការវិលត្រឡប់មកវិញ។ ក្នុងន័យនេះឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់តុលាការ កាត់ទោសមេដឹកនាំកំពូល របស់ខ្មែរក្រហមកន្លងមក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ដែរថា កន្លងមកស៊ុយអែត ក៏បានផ្ដល់ជំនួយមកកម្ពុជា ជាដំបូងតាមរយៈជំនួយមនុស្សធម៌ ហើយនៅពេលនេះទៀត ក៏កំពុងតែរួមចំណែកជួយដល់កម្ពុជា នៅក្នុងការអភិវឌ្ឍកម្ពុជាផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា តាមរយៈអ្វីដែលបានធ្វើកន្លងមកនេះ បេសកកម្មកាទូតរបស់ឯកឧត្តមមកកាន់កម្ពុជា ឯកឧត្តមនឹងមិនចំណាយពេលទៅលើអ្វីផ្សេងទៀតទេ ក្រៅពីការជំរុញទំនាក់ទំនងដែលមានស្រាប់និងពង្រីកទំនាក់ទំនងដែលមាន ជាពិសេសពង្រីកទំនាក់ទំនង ទៅលើបញ្ហាពិភពលោក បញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសកលភាវូពាណិជ្ជកម្មផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ជូនចំពោះឯកឧត្តមប៊ីយ៉ន ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណ ជូនដល់ប្រជាជន រដ្ឋាភិបាលនិងឯកឧត្តមប៊ីយ៉ន ដែលកន្លងមកតែងតែ ជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ទាំងការអភិវឌ្ឍ។

សម្ដេចតេជោ បានលើកឡើងថា ជាការពិតកម្ពុជាទទួលរកនូវសោកនាដកម្មអតីតកាល ហើយប្រទេសស៊ុយអែតជាប្រទេសមួយ ដែលមិនទទួលអតីតខ្មែរក្រហមអង្គុយនៅកៅអីអន្តរជាតិ ហើយពីនោះទៀត ក៏បានអនុញ្ញាតឲ្យកម្ពុជាបើកការិយាល័យព័ត៌មាន នៅទីក្រុងស្តុកខូម ហើយចាប់ពីពេលនោះមក ប្រទេសស៊ុយអែត ជាប្រទេសមួយ ចាប់ពី១៩៨៤ ចាប់ផ្ដើមផ្ដល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះជំនួយរបស់ប្រទេសស៊ុយអែត និងរដ្ឋាភិបាលស៊ុយអែត ក្នុងការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហម គឺជាការជួយដល់កម្ពុជាក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមកនេះក៏បានបន្តជួយដល់កម្ពុជា លើវិស័យអភិវឌ្ឍដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិ ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្ម សម្ដេច បានស្នើឲ្យឯកឧត្តម ប៊ីយ៉ន ពិនិត្យពិចារណាស្វែងរកជាមួយភាគីកម្ពុជាលើវិស័យដទៃទៀត ដែលយើងអាចសហការនេះបាន។ សម្ដេចឆ្លៀតឱកាសនេះដែរ ក៏បានជម្រាបជូន ឯកឧត្តម ប៊ីយ៉ន អំពីអាទិភាពរបស់រាជាណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាពនិងស្ថេរភាព ដែលជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាបជូនផងដែរនូវមហិច្ឆតារបស់កម្ពុជា នោះគឺកែប្រែប្រទេសកម្ពុជាយើងពីប្រទេស មធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation