រដ្ឋមន្ត្រីក្រសួងការបរទេស ជួបអគ្គលេខាធិការអង្គការ និយាយភាសាបារាំង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី៣ខែធ្ននេះ ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបលោកជំទាវល្វីស មូស៊ីគី វ៉ាបូ Louise Mushi kiwabo  អគ្គលេខាធិការអង្គការ OIF សំដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កេតសោផាន់ អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់ក្រុមអ្នកកាសែតថា ឯកឧត្តម ប្រាក់ សុខុន បានសំដែងនូវការអបអរសាទរ នៅពេលដែលលោកជំទាវជាប់ ជាអគ្គលេខាធិការអង្គការនិយាយភាសាបារាំង ដើម្បីជាការពង្រឹងគ្រួសារ នៃអង្គការនិយាយភាសាបារាំង ឲ្យទទួលបានជោគជ័យ។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងលោកជំទាវអគ្គលេខាធិការ បានពិភាក្សាផ្ដោតសំខាន់លើតួនាទីយុវជន និងអ៊ីនធឺណិតដើម្បីដើរឲ្យទាន់បដិវត្តឧស្សាហកម្ម៤.0លើកទឹកចិត្តយុវជនឲ្យរៀនភាសាបារាំង ប្រើប្រាស់ភាសាបារាំង ក្នុងការទំនាក់ទំនងការងារជាមួយគ្នា។ ក្នុងជំនួប ក៏បាននិយាយពីខួប៥០ឆ្នាំ នៃអង្គការហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២០ កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួប៥០ ដែលឆ្នាំនេះចាប់ផ្ដើមពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២០ រហូតដល់ចប់ឆ្នាំ២០២០។

ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការ នៅរាជធានីភ្នំពេញ  លោកជំទាវអគ្គលេខាធិការ ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  នឹងបានជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្រ្តីកម្ពុជាមួយចំនួនទៀត។ ជាមួយគ្នានេះ លោកជំទាវនឹងទៅទស្សនាតំបន់អង្គរ ខេត្តសៀមរាប។

 អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧០  ដោយបិតាស្ថាបិកចំនួន ៤រូប គឺឯកឧត្តម Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ ឯកឧត្តម Habib Bourguiba  ប្រមុខរដ្ឋប្រទេសទុយនីស៊ី ឯកឧត្តម Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបរមរតនកោដ្ឋ  ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៃប្រទេសកម្ពុជា៕អត្ថបទ ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation