ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រកាសថាវាអាស្រ័យទៅលើអាមេរិកថាតើត្រូវរើសយកអ្វីសម្រាប់អំណោយបុណ្យណូអែល

image

យោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង, ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសព្រមាននៅថ្ងៃអង្គារនេះថាអាមេរិកជាអ្នកសម្រេចចិត្តថាតើនឹងត្រូវទទួលយកអ្វីសម្រាប់អំណោយថ្ងៃបុណ្យអែលប្រសិនបើមិនផ្លាស់ប្ដូរឲ្យបានមុនដាច់ឆ្នាំនេះទេនូវគោលនយោបាយអរិភាពរបស់ខ្លួនពាក់ព័ន្ធនឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយអាមេរិកបាននិយាយថាការអំពាវនាវរបស់អាមេរិកដែលសុំឲ្យរៀបចំកិច្ចពិភាក្សាថែមទៀតនោះគឺគ្មានអ្វីក្រៅតែពីជាកលល្បិចដ៏ល្ងង់ខ្លៅដែលត្រូវបានបង្កើតឡើងដើម្បីឲ្យកូរ៉េខាងជើងបន្តការសន្ទនាហើយប្រើប្រាស់វាដើម្បីគាំទ្រដល់ស្ថានភាពនយោបាយនិងការបោះឆ្នោតនៅអាមេរិក។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយអាមេរិកបានសង្កត់ធ្ងន់ថាប្រទេសកូរ៉េខាងជើងបានធ្វើអស់ពីសមត្ថភាពរបស់ខ្លួនហើយៗអ្វីដែលនៅសេសសល់ដែលត្រូវធ្វើនៅពេលនេះគឺជាការជ្រើសរើសរបស់អាមេរិកហើយវាអាស្រ័យទៅលើអាមេរិកទាំងស្រុងថាតើត្រូវជ្រើសរើសយកអ្វីសម្រាប់អំណោយថ្ងៃបុណ្យអែល។

ប្រទេសកូរ៉េខាងជើងកំពុងស្នើសុំអាមេរិកឲ្យបន្ទន់ជំហររបស់ខ្លួននៅក្នុងកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរដែលទទួលបានលទ្ធផលតិចតួចបំផុតបើទោះបីជាមានកិច្ចចរចារហូតដល់ទៅ៣ដងរួចមកហើយក៏ដោយរវាងមេដឹកនាំនៃប្រទេសទាំង២៕