ឯកឧត្តម ឃួង ស្រេង ៖មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាព្រឹត្តការណ៍ ប្រវត្តិសាស្ត្រដើម្បីឈានទៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅនិងទូលំទូលាយ
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រីយ៍សមាគមអន្តរជាតិនៃអភិបាលប្រើប្រាស់ភាសាបារាំង បានថ្លែងថា “មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តសម្រាប់សមាគម AIMF ដោយឡែកសម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុងជាមួយសមាគមនិង ទីក្រុងជាមួយទីក្រុង ដែលជាសមាជិកសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង”។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ក្នុងនាមជាម្ចាស់ផ្ទះក្នុងពិធីបើកសន្និសីទស្តីពី“ទីក្រុងដែលមានភាពធន់ការគិតគូរអំពីបញ្ហាប្រឈមនិងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩របស់សហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងAIMF (Association Internationale des Maires Francophones) ដែលមានការចូលរួមពីលោកព្យែរ ប៊ៃយ៉េ(PIERRE BAILLET)លេខាធិការអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នាព្រឹកថ្ងៃទី០៣ ធ្នូនេះ។

ឯកឧត្តម ឃួង ស្រេងបានបន្ថែមឲ្យដឹងថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ដែលជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការគាំទ្រយន្តការស្ថាប័ន បានចូលរួមបង្កលក្ខណៈ និងផ្ដល់ឱកាសដល់អភិបាល នៃបណ្តាទីក្រុង និងសមាគមជាសមាជិកទាំងអស់ បានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធនិងចែករំលែកព័ត៌មានល្អៗ នៃការអភិវឌ្ឍទីក្រុងរបស់ប្រទេសនីមួយៗ ក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។

យ៉ាងណាមិញឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញក្នុងរយៈពេល ៤០ឆ្នាំនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញ មានការវិវឌ្ឍចំនួន ០៥ ដំណាក់ កាលធំៗគឺ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី មូលហេតុសន្តិភាព, ទទួលយកការធ្វើមាតុភូមិនិវត្តន៍និងប្រឆាំងការវិលត្រឡប់នូវរបបប្រល័យពូជសាសន៍។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី មូលហេតុរក្សាស្ថិរភាពនយោបាយ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងឡើងវិញ។ ឆ្នាំ២000 ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តដើម្បី បុព្វហេតុសន្តិសុខផ្ទៃក្នុង បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វហេតុពង្រឹងសន្តិសុខ-សណ្ដាប់ធ្នាប់សាធារណៈ, បន្តស្ដារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុងនិងអភិវឌ្ឍន៍សហគមន៍ក្រីក្រ។ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃនេះ គឺការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វហេតុកំណែទម្រង់, អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងជាអនាគតទីក្រុងវៃឆ្លាត (Smart City)។

លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្តរជាតិនៃអភិបាលប្រើប្រាស់ភាសាបារាំង ថ្លែងថា “ការស្ថាបនាទីក្រុងឡើងវិញ តោងទាមទារសមត្ថភាពរបស់ប្រជាជន និងសមត្ថភាពរបស់មន្ត្រីដឹកនាំ ដើម្បីជម្នះនឹងផលប៉ះពាល់ដែលផុសចេញពីការប្រែប្រួលផ្លាស់ប្តូររបស់ទីក្រុង និស្ថានភាពតក់ស្លុតណាមួយ។ ប៉ុន្តែសមត្ថភាពធន់នឹងស្ថានការណ៍ទាំងនេះ មិនមែនជារបស់កើតឡើងឯកឯងទេ ពោលគឺ វាកកើតនិងធំធាត់ឡើង ដោយមានជំនួយពីគោលនយោបាយសាធារណៈ ពីកម្មវិធីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឬសកម្មភាពមហាជនជាដើម ។ លោកបន្ថែមឲ្យដឹងថា គំនិតផ្តួចផ្តើមទាំងនោះ នាំឲ្យអាចបន្ថយបាននូវការបាក់បែកក្នុងសង្គម និងឆ្លើយតបចំៗ ទៅនឹងការរង់ចាំរបស់ប្រជាជន ដែលទន់ខ្សោយបំផុត។

ការដាក់ឲ្យមានការអភិវឌ្ឍទីក្រុងមួយប្រកបដោយសមធម៌ ដោយមានការចូលរួមពីប្រជាជនគឺជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ធានាឲ្មានការស្ថាបនាទីក្រុងឡើងវិញប្រកបដោយចីរភាព។


គួរបញ្ជាក់ថាកិច្ចប្រជុំមហាសន្តិបាតលើកទី៣៩ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង មានការចូលរួមពីអភិបាលក្រុងចំនួន៤០៤ទីក្រុង មកពី៤១ប្រទេស៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation