ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងធ្វើស្លាកលេខក្លែងក្លាយចំនួន៧ទីតាំង ឃាត់ខ្លួនមនុស្ស៦នាក់

image

អាជ្ញាធរខណ្ឌដូនពេញបើកប្រតិបត្តការណ៍បង្ក្រាបទីតាំងលួចធ្វើស្លាកលេខក្លែងក្លាយ ក្នុងមូលដ្ឋានចំនួន៧តាំងផ្សេងគ្នា នៅរសៀលចុងសប្តាហ៍ននេះ ដោយឃាត់ខ្លួនបានមនុស្ស ៦នាក់ និងដកហូតបានស្លាកលេខក្លែងក្លាយជាច្រើន ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀតផងដែរ។


លោក សុខ ពេញវុធ អភិបាលខណ្ឌញបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទបង្ហាញមុខជនសង្ស័យនៅក្នុងទីតាំងអធិការនគរបាលខណ្ឌមានជ័យថា៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី។ លោក សុខ ពេញវុធ បន្ថែមអោយដឹងថាបទល្មើសធ្វើស្លាកលេខក្លែងក្លាយនេះបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យសន្តិសុខ ជាតិ សេដ្ឋកិច្ចព្រមទាំងបុគ្គលមួយចំនួនផងដែរ។


លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានឲ្យដឹងថាទីតាំង ធ្វើ ស្លាកលេខក្លែងក្លាយនេះ បានបង្ក្រាបនៅកន្លែងផ្សេងគ្នាចំនួន៧ទីតាំងក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្រោយធ្វើការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៦នាក់ និងស្លាកលេខក្លាយក្លែង មានទាំងស្លាកលេខធម្មតា, នគរបាល ខេមរភូមិន្ទ និងស្លាកលេខរដ្ឋជាច្រើនសន្លឹក ព្រមទាំងកុំព្យូទ័រ ម៉ាស៊ីនសម្រាប់កាត់អក្សរផងដែរ លោកអធិការបានបន្ដទៀតថា បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។


ជាមួយគ្នានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានឧបត្ថម្ភប្រាក់ចំនួន ២លានរៀល ជាការលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ចដែលបានចុះអនុវត្ត និងបង្ក្រាបបទល្មើសនេះផងដែរ៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា