លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេស មកកាន់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេច​​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេសមកកម្ពុជា ​ជាពិសេស អ្នកវិនិយោគមកពីប្រទេសចិន​ ហើយរាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ហើយបន្តលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងគោលដៅបង្កើន ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក ។


​លើកឡើង​ក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូ «សន្និសីទសេដ្ឋកិច្ច ប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករ ចិនទៀជីវ សកលលោក អាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគ នៅកម្ពុជា, លោកជំទាវ ម៉ែន សំអន បានឲ្យដឹងដែរថា បច្ចុប្បន្ន​ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ​កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ប្រមាណ៧% ដែលនាំឲ្យចំណូល របស់ប្រជាជនទូទាំងប្រទេស មានការកើនឡើង និងមានជីវភាពរស់នៅ កាន់តែប្រសើរ។


ដោយឡែក រាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយ ដ៏ទាក់ទាញ និងរស់រវើក ដោយមានលំនៅស្ថាន ហាងលក់ទំនិញ ការិយាល័យ សណ្ឋាគារ មណ្ឌលកម្សាន្ត និងអគារខ្ពស់ៗជាច្រើន កំពុងតែសាងសង់ និងរីកដុះដាលយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបានបម្រើ ដល់ការធ្វើអាជីវកម្ម ការស្នាក់នៅ និងធ្វើការងារប្រកបដោយផាសុខភាព។


ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា, លោកជំទាវ ​សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ ក្នុងការផ្តល់ព័ត៌មាន និងសក្តានុពលភាព ដើម្បីរួមចំណែក អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះយោបល់ ដើម្បីដាក់ទុនវិនិយោគ ធ្វើអាជីវកម្ម និងជួយណែនាំដល់សមាជិក ដើម្បីជាប្រយោជន៍ សម្រាប់សមាជិកភាពផង និងជាប្រយោជន៍ សម្រាប់សង្គមជាតិផង៕ អត្ថបទ ៖ សន ពិសិដ្ឋ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation