អភិបាលខេត្តកំពតអំពាវនាវដល់ពលរដ្ឋចូលរួមធ្វើឲ្យបរិស្ថានក្រុងកំពតក្លាយជាក្រុងគំរូ
| ព័ត៌មានជាតិ
SHARE

កំពត៖ អភិបាលខេត្តកំពត បានអំពាវនាវដល់ ប្រជាពលរដ្ឋ អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ សិស្សានុសិស្ស កងកម្លាំង មន្ត្រីរាជការ មន្ទីរ ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូលរួម សំអាតបរិស្ថាន ចេះទុកដាក់កាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃឲ្យបានល្អ ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានក្រុងកំពតមានសោភ័ណភាព ល្អស្អាត អាចទាក់ទាញភ្ញៀវទេចរមកកម្សាន្តច្រើនក្នុងពិធីបុណ្យសមុទ្រខាងមុខ និងក្លាយជាក្រុងគំរូ។

នៅក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកាឆ្នាំ ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ” កាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា កំពតជាខេត្ត ទេសចរបែបធម្មជាតិ និងវប្បធម៌ដ៏ទាក់ទាញបំផុតមួយរបស់កម្ពុជា ។ សកត្តានុពល និងធនធានធម្មជាតិសំបូរបែបរបស់ ខេត្តកំពតបានជំរុញដល់ក្រុមហ៊ុនវិនិយោគ ជាច្រើនចូលមកបណ្តាក់ទុន។ក្នុងនោះវិស័យទេសចរណ៍បានដើរតួយ៉ាងសំខាន់ គិតត្រឹមខែតុលា ឆ្នាំ២០១៩ ភ្ញៀវទេសចរមកកម្សាន្ត សរុបប្រមាណជិត១លាន៥សែន២ម៉ឺននាក់។

អភិបាលខេត្តកំពតបានបន្តថា បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅក្រុងកំពត នឹងចាប់ពីថ្ងៃទី២០,២១, ២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ហើយ រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ខិតខំរៀបចំកែលម្អសោភ័ណភាពតាមដងផ្លូវ តាមសួនច្បារទីសារធារណៈតាមមាត់ព្រែកដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវជាតិអន្តរជាតិមកទស្សនាលើទឹកដីខេត្តកំពតឲ្យបានកុះករ។

ដូច្នេះដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈល្អប្រសើរ ឯកឧត្តម ជាវ តាយបានអំពាវនាវដល់ មហាជនទូទៅ សូមចូលរួមធ្វើអនាម័យ រៀបចំសោភ័ណភាព សំអាតតាមលំនៅស្ថាន និងចេះទុកដាក់សំរាម-សំណល់រាវ រឹង ឲ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន(អេតចាយ) សំណល់សរីរាង្គ(សំណល់ផ្ទះបាយធ្វើជាជីកំប៉ុស) សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ ឬអេឡិចត្រូនិច(ថ្មពិលទូរសព្ទ ទូរទស្សន៍) និងសំណល់ប្លាស្ទិកដើម្បីប្រែក្លាយសំណង់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ចនឹងកាត់បន្ថយបរិមាណសំណល់នៅទីលានសាធារណៈ គឺសំដៅធ្វើយ៉ាងណាឲ្យបរិស្ថានក្រុងកំពតមានសោភ័ណភាពល្អស្អាត ក្លាយជាទីក្រុងគំរូ ។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក ស៊ុយ ធា បានឲ្យដឹងថា ទិវាបរិស្ថានជាតិ២៣ វិច្ឆិកា មានគោលបំណងសំខាន់ចំនួនពីគឺទី១ បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិត គ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងកម្ពុជាល្អស្អាត និងភាពស្រស់បំព្រងនិងទី២ បង្កលក្ខណៈរៀបចំបរិស្ថានឲ្យបានល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រនៅខេត្តកំពតខាងមុខនេះ។

ទាក់ទងបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពនេះដែរ យុវជនកាកបាទក្រហម បានបង្ហាញអំពី ចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ខ្លួនដែរថា ក្នុងនាមយុវជនជំនាន់ក្រោយ ចង់ឃើញក្រុងកំពតមានបរិស្ថានអនាម័យ និងសោភ័ណភាពស្រល់ស្អាត ដូចការអំពាវនាវរបស់លោកអភិបាលខេត្តខ្លាំងណាស់ ។ យុវសិស្សរូបនោះក៏បានស្នើរឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណ្ឌក្រុង និងខេត្តកំពតទាំងមូលផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation