អ្នកនាំពាក្យរាជរដ្ឋាភិបាលៈ កម្ពុជាអត់មានបាត់បង់ទីផ្សារនៅសហភាពអឺរ៉ុបទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្តីពី "វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌" ក្រោយអធិបតីភាពឯកឧត្តមផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវាគ្មិនផងដែរ
សន្និសីទសារព៌មានធ្វើឡើងនៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តមផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៏ថា សន្និសីទនេះ មានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជនស្តីអំពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្រ្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ព្រមទាំងត្រូវបានចាត់ទុកថាជា "ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។ កត្តាទាំងនេះ ជាចលករជំរុញឱ្យរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី៥០% មកនៅត្រឹមរង្វង់១០% នៃចំនួនប្រជាជនសរុប។

ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៏ទៀតថា «យើងអត់មានបាត់បង់ទីផ្សារនៅសហភាពអឺរ៉ុបទេ បើសិនជាយថាហេតុណាមួយ គឺយើងគ្រាន់តែបាត់បង់ការអនុគ្រោះនៃការបង់ពន្ធ ប៉ុន្តែយើងទាំងអស់គ្នាសួរថា តើយើងនៅស្ថិតនៅក្រោមគេអនុគ្រោះដែរឬទេ? បានសេចក្តីថា រាជរដ្ឋាភិបាល បានឆ្លើយតបរួចអស់ហើយ ដោយគិតជាផលិតផលក្នុងស្រុកសរុប គឺជាង៧ភាគរយ យើងដឹងថា កម្មវិធីអនុគ្រោះពន្ធតាមរយៈសហភាពអឺរ៉ុប នឹងបញ្ចប់ជាយថាហេតុ នៅថ្ងៃណាមួយ អាស្រ័យហេតុដូច្នេះ បានជាយើងមានគោលការណ៍ច្រើនណាស់៖ ទី១-យើងឈរជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក យើងមានសិទ្ធិក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់ប្រទេស គ្រប់ប្លុកនៃការធ្វើទីផ្សារ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាគណៈប្រតិភូរបស់កម្ពុជា បានចេញទៅគ្រប់ច្រកល្ហក ដើម្បីរកទីផ្សារពាណិជ្ជកម្មរបស់យើង។ ក៏ប៉ុន្តែសូមជម្រាបជូនពីគន្លឹះយើង មិនមែនជាពាណិជ្ជកម្មប្រកួតប្រជែងស្លាប់រស់ ជាមួយនរណាទេ គឺជាពាណិជ្ជកម្មមួយ គឺថា ទាបបំផុត ដែលយើងចង់តែបំពេញបន្ថែមទៅលើអ្វីដែលគេខ្វះ។ ឧទាហរណ៍ ហេតុអ្វីបានជាយើងលក់ស្រូវទៅឲ្យវៀតណាម លក់ស្រូវទៅឲ្យថៃ? ពីព្រោះយើងចូលរួមបំពេញបន្ថែមតម្រូវការនៃការកុងត្រារបស់វៀតណាម និងថៃ ជាមួយទីផ្សារអន្តរជាតិ។ ក៏ប៉ុន្តែតម្លៃដែលយើងបំពេញបន្ថែមនោះ យើងទទួលផលល្អ តម្លៃវាខ្ពស់ជាងតម្លៃប្រកួតប្រជែង។ នេះយើងស្ថិតនៅក្រោមដំបូលមួយ អាចរស់រានមានជីវិតបាន បើសិនជាយថាហេតុណាមួយ កើតឡើង»។

ឯកឧត្តម ផៃ ស៊ីផាន បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា រំពឹងគិតជាមួយទីផ្សារនៅជាប់កន្លែងរបស់កម្ពុជាយើង អាស៊ានរបស់យើង យើងមាន ៦,៤រយលាននាក់។ សម្តេចតេជោ មានប្រសាសន៍ថា កុំឲ្យមើលរំលងអ្វីដែលនៅជិតខ្លួនយើង។ មួយទៀត យើងរៀបចំចុះហត្ថលេខាពាណិជ្ជកម្មសេរី ជាមួយចិន នៅពេលខាងមុខ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយថា យើងមិនសុំទានគេទេ យើងមានលទ្ធភាព យើងបង់ពន្ធឲ្យគេទៅ។ ក្នុងសន្ទរកថា សម្តេចតេជោ ក៏បានលើកឡើងថា ពីមុន អ្នកបំភិតបំភ័យបញ្ហា EBA នៅក្នុងអង្ករ ប៉ុន្តែលោកភ្ញាក់ផ្អើល ទៅជាអង្ករដែលគេឲ្យយើងបង់ពន្ធ បែរជាការនាំចេញអង្កររបស់យើង ទៅទីផ្សារអឺរ៉ុប រឹតតែកើនឡើង បរិមាណច្រើនជាងមុនទៅទៀត។ ដូច្នេះអ្នកដែលបំភ័យ នៅក្នុងបញ្ហា EBA គួរតែទុកឱកាសហ្នឹង សម្រាប់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងតែប្រឹងប្រែង ហើយអ្នកភ័យច្រើនជាគេ គឺរាជរដ្ឋាភិបាលទេ។ កាលមុន អ្នកទាំងអស់ណុងហើយ ប្រាប់គេ កុំឲ្យទិញរបស់ខ្មែរ ឥឡូវនេះ គេប្រាប់ថា ខ្មែរកុំឲ្យបាត់បង់ទៅទៀត! នោះជាក្រុមអ្នកស្រក់ទឹកភ្នែកក្រពើទេ មិនមានអ្វីជាការចាប់អារម្មណ៍របស់រាជរដ្ឋាភិបាល៕អត្ថបទៈ ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation