ព័ត៌មានជាតិ

វេជ្ជបណ្ឌិតជំនាញ បញ្ជាក់ថា ការថតឆ្លុះ តាមរយៈ​បច្ចេកវិទ្យាពន្លឺ NBI ផ្តល់ភាពងាយស្រួល ក្នុងការរកឃើញជំងឺក្រពះ ពោះវៀន និងជំងឺត្រៀមមហារីក

image

ភ្នំពេញ ៖ ​លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៨ ខែវិច្ចិកានេះ បានឲ្យដឹងថា ជំងឺក្រពះ ពោះវៀន ជាប្រភេទជំងឺដែលកើតមានច្រើន ក្នុងចំណោមជំងឺដទៃទៀត។ លោកបានបន្ថែមថា ​បើនិយាយពី ជំងឺមហារីកពោះវៀន គឺជាជំងឺដែលកើតមានច្រើន ​ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក បន្ទាប់ពីជំងឺបេះដូង ​និងជំងឺទឹកនោមផ្អែម។

មានប្រសាសន៍ នៅក្នុងពិធីបើកសិក្ខាសាលា លើកទី១៧ របស់សមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារ អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា ស្តីពី «ការថតឆ្លុះក្រពះ ពោះវៀន តាមបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយពន្លឺ NBI», លោកសាស្ត្រាចារ្យ កុយ វ៉ានី បានបញ្ជាក់ថា បច្ចេកវិទ្យាថ្មីនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរកឲ្យឃើញ នូវជំងឺក្រពះ ពោះវៀន ជាពិសេសគឺជំងឺត្រៀមមហារីក ដើម្បីបង្ការ និងធ្វើរោគវិនិឆ្ឆ័យ។

នៅក្នុងសិក្ខាសាលានេះដែរ លោកសាស្ត្រាចារ្យ ស៊ីកហ្គូ គីតាណូ សមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារ អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមចំណែក ក្នុងការផ្តល់បទពិសោធន៍ និងបច្ចេកទេស នៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ ដល់វេជ្ជបណ្ឌិតកម្ពុជា។ លោកសន្យាថា នឹងបន្តជួយដល់កម្ពុជាបន្ថែមទៀត លើវិស័យសុខាភិបាលនេះ។

គួរជម្រាបថា នេះគឺជាលើកទី២ហើយ ដែលសមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារ អាស៊ីប៉ាស៊ីហ្វិក និងសមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារកម្ពុជា បានរៀបចំសិក្ខាសាលាអំពីវិទ្យាសាស្ត្រថតឆ្លុះ ក្រពះ ពោះវៀន តាមបច្ចេកវិទ្យាចុងក្រោយនេះ ដោយវានឹងផ្តល់នូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដែលអាចឲ្យក្រុមគ្រូពេទ្យនៅកម្ពុជា អាចដើរទាន់ការរីកចម្រើន នូវបច្ចេកវិទ្យាអង់ដូស្កូពី របស់ពិភពលោក៕ អត្ថបទ៖ សន ពិសិដ្ឋ