ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនលើកឡើងថា៖ វិស័យសន្តិសុខឯកជន គឺជាវិស័យមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម
| ព័ត៌មានជាតិ
SHARE


ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខា រស្មី លើកឡើងថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយដ៏ សំខាន់ក្នុងការចូល រួមថែរក្សា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ ហេតុនេះហើយទើបក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់គាំពារ ដើម្បីអោយមានស្ថិរភាព និងការរីកចំរើន នៃវិស័យមួយនេះ។

ប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី ២៤ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ដែលមានសិក្ខាកាមចូលរួមជាង២០០នាក់។ឯកឧត្តម បានបញ្ជាក់បន្ថែមថា វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់។ ឯកឧត្តមប្រធាននាយកដ្ឋាន បានលើកឡើងថា វគ្គបំប៉ននេះ ធ្វើឡើងដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់បទពិសោធន៏បច្ចេកទេស ដែនកំណត់ភារៈកិច្ចទទួលខុសត្រូវ កិច្ចសហការផ្តល់កម្លាំងជំនួយរវាងសន្តិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តម សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។ ជាពិសេស ត្រូវយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល។

គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីពេលថ្មីៗនេះ ភ្នាក់ងារសន្តិសុខឯក បានដើរតួយ៉ាងសំខាន់ផងដែរ ជាមួយអជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើអោយព្រះរាជពិធីមួយនេះបញ្ចប់ទៅដោយភាពជោគេជ័យ៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation