ព័ត៌មានជាតិ

ក្បួនរថយន្តទេសចរណ៍ចម្ងាយជាង ៦ពាន់គីឡូម៉ែត្រ ចេញពីចិនធ្លាយដល់កម្ពុជា

image

(ស្ទឹងត្រែង)៖ ក្បួនរថយន្តទេសចរណ៍ ឬហៅថា Caravan Tours បានមកដល់កម្ពុជាហើយ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងនោះក្រុមការងាររបស់ក្រសួងទេសចរណ៍បានទទួលប្រតិភូ Caravan Tours នេះ ដែលមកពីប្រទេសចិនឆ្លងកាត់ប្រទេសឡាវមកកាន់ប្រទេសកម្ពុជា តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។

ក្បួនរថយន្តការ៉ាវ៉ាន់មានគោលបំណងផ្សព្វផ្សាយការផ្លាស់ប្ដូរទេសចរណ៍ និងវប្បធម៌ ក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង ដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩។ ក្បួនរថយន្ដខាងលើចេញពីទីក្រុងគុនមីង ខេត្តយូណាន ឆ្លងកាត់ប្រទេសឡាវមកកាន់កម្ពុជា ដោយឆ្លងកាត់តាមទីក្រុងធំៗចំនួន ១០ មានចម្ងាយផ្លូវប្រមាណជាង ៦ពាន់គីឡូម៉ែត្រ ក្នុងរយៈពេល២៧ថ្ងៃ។

ខាងក្រសួងទេសចរណ៍កម្ពុជា គឺមានឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ ជាអ្នកដឹកនាំ និងសម្របសម្រួលការងារ Caravan Tours នេះ ដោយមានការចង្អុលបង្ហាញណែនាំពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្បួនរថយន្ដការ៉ាវ៉ាន់បាននិងកំពុងធ្វើដំណើរពីខេត្តស្ទឹងត្រែង រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ» ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងទីផ្សារទេសចរចិន ដែលជាទីផ្សារឈរលំដាប់លេខ១នៅកម្ពុជា។

គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃពីធីបើកចេញដំណើរក្បួន Caravan Tours ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន អភិបាលខេត្តគុនមិញ លោក YU Chengfa និងលោក ហោ សារុន អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍កម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្បួន Caravan Tour នេះរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមអាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងអាជ្ងធរខេត្តស្ទឹងត្រែងសរុប ៣៣គ្រឿង៕