ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើអូស្រ្ដាលី ឲ្យជួយទិញកសិផល វាយនភណ្ឌ និងម្រេច ពីប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានទទួលជួបជាមួយ លោកជំទាវ អេនជែលឡា កូកូរ៉ាន់ (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ ដើម្បីសម្តែងការជម្រាបលា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្ដាលី កាន់តែល្អឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្ត្រីលើកទី១ កាលពីខែតុលាកន្លងមក គួរតែរៀបចំ ជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្ដាលី ដែលបាន ផ្ដល់ជំនួយក្នុងការអភិវឌ្ឍ ដែលមានទឹកប្រាក់​ ជិត២២៣លានដុល្លារអាមេរិក និងបានផ្ដល់អាហាររូបករណ៍ ចំនួន១៨០កន្លែងដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ក្នុងកំលុងពេលបេសសកម្ម របស់លោកជំទាវ តាំងពីឆ្នាំ២០១៦មក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះអូស្ដ្រាលី ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តអូស្ដ្រាលី ចំនួន៣៤នាក់ មកធ្វើការនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ដើម្បីជួយអប់រំ ក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម។ លើសពីនេះទៅទៀត ឯកឧត្តម ​បានស្នើឲ្យមានការជំរុញបន្ថែម ទំហំពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងអូស្រ្ដាលីដែលនៅមានកម្រិតតិចនៅឡើយ ដែលមានចំនួនត្រឹម១៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើអូស្រ្ដាលីឲ្យជួយទិញកសិផល វាយនភណ្ឌ និងម្រេចកម្ពុជា។

ដោយឡែក ការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍និស្សិតអូស្ដ្រាលី ចំនួន៥៣០នាក់ ដែលបានមកធ្វើកម្មសិក្សានៅកម្ពុជា ក្រោមផែនការកូឡុំបូ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរចំពោះអូស្ដ្រាលី ដែលបានគាំទ្រ បេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) សម្រាប់អាណត្តិ២០១៩។

លោកជំទាវបានលើកថា នៅឆ្នាំ១៩៩៣ លោកជំទាវបានមកធ្វើការម្ដងរួចហើយ នេះជាលើកទី២ហើយ ដែលលោកជំទាវ បានមកធ្វើការនៅ​កម្ពុជា លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ របស់​កម្ពុជាយ៉ាងឆាប់រហ័ស ក្រោមការដឹក នាំរបស់សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​។ លោកជំទាវបានបន្ថែមថា លោកជំទាវមានការរីករាយណាស់ ដែលបានមកបំពេញបេសសកម្ម នៅកម្ពុជា។ លោកជំទាវ បានកោតសរសើរ អំពីទំនាក់ទំនងល្អ រវាងប្រទេសយើងទាំងពីរផងដែរ។ លោកជំទាវទូត ឲ្យដឹងដែរថា បច្ចុប្បន្នមាននិស្សិតកម្ពុជា ជាង២ពាន់នាក់ កំពុងសិក្សានៅប្រទេសអូស្ដ្រាលី៕អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation