អាជ្ញាធរខេត្តកំពតនិងអាជីវករបានឯកភាពគ្នាប្ដូរទីតាំងចំណតទូកទេសចរណ៍ពីត្រើយខាងកើតមកត្រើយខាងលិចក្នុងក្រុងកំពត
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ ដើម្បីសម្រួលដល់ចរាចរណ៍សុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក៏ដូចជាសោភណភាពនិងអនាម័យបរិស្ថានឲ្យបានកាន់តែប្រសើរឡើងនៅតាមមាត់ទឹកក៏ដូចតាមដងផ្លូវព្រែកក្នុងក្រុងកំពតរួម និងការបង្ការឲ្យបាននូវសុខសុវត្ថិភាពជូនចំពោះ អ្នកដំណើរកម្សាន្តតាមទូកទេសចរណ៍លើដងព្រែកកំពត។

ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តបានជួបប្រជុំជាមួយមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរក្រុង សង្កាត់ រួមនិងអាជីវករប្រកប របរទូកដឹកភ្ញៀវទេសចរកម្សាន្តតាមដងព្រែកក្រុងកំពតខេត្តកំពត។

ក្នុងកិច្ចប្រជុំ នេះគឺបានផ្ដោតជាសំខាន់រួមគ្នាពិភាក្សាលើបញ្ហាប្រឈមដើម្បីរកដំណោះស្រាយនៃការប្ដូរចំណតទូកទេសចរណ៍តាមមាត់ដងព្រែកកំពតពីត្រើយខាងកើតទៅចតនៅមាត់ព្រែកក្រោយខាងលិចខាងលិចស្គាល់មុខសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំបន្ទាប់ពីមានការចូលរួមលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់អាជីវករទូកទេសចរណ៍ដែលពាក់ព័ន្ធការបាត់បង់ភ្ញៀវ ការលំបាកនៃទឹកភ្លើងរួមនឹងបញ្ហាមួយចំនួនផ្សេងៗទៀតផងនោះ។

ក្នុងកិច្ចប្រជុំឱកាសនោះមន្ត្រីជំនាញនិងអាជ្ញាធរក្រុងក៏នៅតែបានបង្ហាញពីហេតុផលនិងទទូចសំណូមពរសូមឱ្យមានការយោគយល់ពីអាជីវករ ដើម្បីចូលរួមសហការជាមួយនឹងមន្ត្រីជំនាញព្រមទាំងអាជ្ញាធរក្រុងទាំងអស់គ្នា គឺធ្វើយ៉ាងណា សំដៅរួមគ្នាអនុវត្តធ្វើឲ្យប្រសើរឡើងក្នុងទីក្រុងកំពត នូវសណ្ដាប់ធ្នាប់ចរាចរណ៍របៀបរៀបរយសាធារណៈព្រមទាំងបញ្ហាសោភណភាពនិងអនាម័យបរិស្ថានក្រុង។ ជាពិសេសទៅទៀតនោះមន្ត្រីជំនាញពាក់ព័ន្ធក៏បានធ្វើការណែនាំជំរុញដល់អាជីវករទូកទេសចរណ៍ឲ្យមានការយកចិត្តទុកដាក់ខ្ពស់នូវការបំពាក់សម្ភារពិសេសអាវពោងសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ដើម្បីការពារនូវភាពចៃដន្យណាមួយកើតឡើងជូនចំពោះភ្ញៀវទេសចរណ៍នៅលើទូកនីមួយៗ។

មន្ត្រីជំនាញនិងអាជ្ញាធរក៏បានបន្តលើកឡើងទៀតថា ចំពោះបញ្ហាបារម្ភពីការបាត់ភ្ញៀវទេសចរពីសំណាក់ម្ចាស់អាជីវកម្មទូក គឺមិនមែនជាបញ្ហាចោទសំខាន់ប៉ុន្មាននោះទេ។ ប៉ុន្តែបញ្ហាសំខាន់នោះគឺការចូលរួមទាំងអស់គ្នាដើម្បីបម្រើសេវានិងការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរនិងរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងសោភណភាពទីក្រុងទើបភ្ញៀវទេសចរគេនឹងមកកម្សាន្តនិងជិះទូកលំហែកាយទស្សនានូវសោភណភាពស្រស់បំព្រងនៅក្នុងខេត្តកំពតយើងជាពុំខានឡើយ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមជាវ តាយអភិបាលខេត្តបានលើកបញ្ជាក់ថា ដោយបច្ចុប្បន្ននេះប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ពិសេសនៅក្នុងទូទាំងខេត្តកំពតពីមួយថ្ងៃទៅមួយថ្ងៃមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដែលទាំងនេះផ្ដើមចេញពីការខិតខំយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តនិងមានការចូលរួមពីប្រជាពលរដ្ឋផងដែរនោះ។ក្នុងនោះសម្រាប់នៅក្នុងក្រុងកំពតក៏បានធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តមានការកើនឡើងជាលំដាប់ដែលសមិទ្ធផលទាំងនេះបានបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋយើងយ៉ាងពិតប្រាកដធ្វើអោយជីវភាពកាន់តែប្រសើរឡើង។

ដូច្នេះគោលបំណងនៃ កិច្ចប្រជុំពេលនេះគឺដើម្បីរួមគ្នាពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណារក្សាឲ្យបានសណ្ដាប់ធ្នាប់ចរាចរណ៍របៀបរៀបរយសាធារណៈក៏ដូចជាសោភណភាពអនាម័យបរិស្ថានក្រុងកំពត រួមនឹងការពង្រឹងនូវសុខសុវត្ថិភាពចំពោះអ្នកដំណើរជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែកកំពតនេះដែរ។

ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានលើកបញ្ជាក់ថា ការងាររៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសោភណភាពកក្នុងក្រុងមិនអាចរដ្ឋបាលខេត្តឬមន្ទីរជំនាញណាមួយអនុវត្តតែម្នាក់ឯងបានទេលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋទើបការងារនេះសម្រេចបានលទ្ធផលល្អជោគជ័យ។ ដូច្នេះបច្ចុប្បន្ននេះដោយមើលឃើញពីបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយចរាចរណ៍ក៏ដូចជាសោភណភាពនិងអនាម័យបរិស្ថាននៅតាមមាត់ទឹកនិងដងផ្លូវជាប់មាត់ព្រែកក្រុងកំពតនៅមិនទាន់ល្អប្រសើរនៅឡើយ។

រដ្ឋបាលខេត្តក៏ដូចជារដ្ឋបាលក្រុងកំពតរួមនឹងមន្ទីរជំនាញពាក់ព័ន្ធត្រូវមានគោលការណ៍ដើម្បីប្ដូរទីតាំងចំណតទូកទេសចរណ៍សព្វថ្ងៃដែលស្ថិតនៅមាត់ព្រែកខាងកើតឲ្យទៅទីតាំងមាត់ព្រែកខាងលិចវិញ។

ឯកឧត្តមអភិបាលខេត្តក៏បានកំណត់ឲ្យមានការដាក់ភ្លើងឬតទឹកនៅចំណតថ្មីនេះជូនដល់អាជីវករសម្រាប់បម្រើសេវាកម្មនៅចំណតទូកថ្មីនេះនៅថ្ងៃទី៥ ខែធ្នូនិងជំរុញឲ្យទូកទេសចរណ៍ទាំងអស់ក៏ត្រូវតែប្ដូរទីតាំងនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩យ៉ាងយូរជាកំណត់។

ក្នុងឱកាសនោះឯកឧត្តមជាវ តាយ អភិបាលខេត្តក៏បានថ្លែងការកោតសរសើរចំពោះមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរក្រុងកំពតក៏ដូចម្ចាស់អាជីវកម្មទូកទេសចរណ៍ទាំងអស់ដែលបានចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើឲ្យទីក្រុងកំពតប្រកបដោយលក្ខណៈស្រស់បំព្រងមានសណ្ដាប់ធ្នាប់របៀបរៀបរយកាន់តែប្រសើរឡើងក្នុងក្រុងកំពតនៅពេលខាងមុខនេះ។

សូមបញ្ជាក់ថា យោងតាមស្ថិតិទូកទេសចរណ៍តាមបណ្ដោយមាត់ព្រែកក្រុងកំពតសព្វថ្ងៃនេះមានចំនួន១៩គ្រឿងក្នុងនោះមានទូកទេសចរណ៍ដឹកភ្ញៀវចំនួន ១៥គ្រឿង ទូកចតស្ងៀមលក់ម្ហូបអាហារមានចំនួន៤គ្រឿង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation