អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យកសិករបង្កើនការដាំបន្លែសិរីរាង្គគ្មានគីមីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲកសិករ បង្កើនការដាំបន្លែសរីរាង្គ គ្មានគីមី សម្រាប់ផ្តត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីសុខភាពប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តំពង់ឆ្នាំង បានធ្វើការអំពាវនាវបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួម ក្នុងវេទិកាសហគមន៍កសិកម្ម ដែលធ្វើឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះបន្លែនិងអាហារសរីរាង្គ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ ការកើនឡើងនៃការគាំទ្របន្លែសរីរាង្គនេះ ត្រូវបានអ្នកជំនាញនិងពលរដ្ឋយល់ថា  ដោយសារការព្រួយបារម្ភពីបញ្ហាសុខភាព ចំពោះលំហូរចូលនូវផលិតផលកសិកម្ម និង ចំណីអាហារពីប្រទេសផ្សេងៗ។ ទិសដៅនៃការប្រើប្រាស់បន្លែសរីរាង្គ ឬបន្លែគ្មានជាតិគីមីនេះ គឺជាជម្រើសក្នុងការទទួលទានដ៏ល្អសម្រាប់សុខភាព ។

ឯកឧតត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា បច្ចុប្បន្នបន្លែកាន់តែច្រើនដែលដាក់លក់នៅលើទីផ្សារ តែប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ច្បាស់នៅឡើយពីអ្វីបន្លែសរីរាង្គនោះ។ បន្លែសរីរាង្គ គឺជាបន្លែដែលឆ្លងកាត់ការដាំដុះ ប្រកបដោយបច្ចេទេសត្រឹមត្រូវ តាមធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមីឬថ្នាំសម្លាប់សត្វល្អិតនោះឡើយ។ដូចនេះប្រជាកសិករ ឬសហគមន៍អភិវឌ្ឍន៍កសិកម្ម ត្រូវខិតខំរៀនសូត្រ និង ស្វែងយល់បន្ថែមទៀត ដើម្បីទទួលបានបច្ចេកទេសនិងបទពិសោធ ក្នុងការដាំបន្លែសរីរាង្គដែលគ្មានសារធាតុគីមី មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ម្យ៉ាងទៀតដំណាំបន្លែទាំងនេះ អាចជួយបំពេញនូវតម្រូវការបន្លែក្នុងស្រុក ជាពិសេសគីជួយទប់ស្កាត់នូវការនាំចូលបន្លែពីក្រៅប្រទេស។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វេទិកាសហគមន៍កសិកម្ម ដែលធ្វើក្រោមប្រធានបទ យុទ្ធសាស្រ្តគាំទ្រវិស័យកសិកម្ម និង ទីផ្សារ សម្រាប់កសិករខ្នាតតូច នាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់រៀនសូត្រ ចែករំលែកនូវរាល់បទពិសោធពីសហគមន៍មួយទៅសហគមន៍មួយទៀត ដើម្បីស្វែងរកនូវយុទ្ធសាស្រ្តថ្មីៗពិសេសផ្តោតលើទីផ្សារ និង បច្ចេកទេសនៃការផលិត  និង ដើម្បីបង្កើនសមត្ថភាព ផលិតផលរបស់សហគមន៍ដោយចំណាយទុនផលិតទាបដែលជួយកសិករឲ្យទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង ។ 

គួរបញ្ជាក់ថា សហគមន៍កសិកម្មនៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន៤៤ កំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអង្គការដៃគូ និងទីផ្សារបន្លែសរីរាង្គ ដែលបច្ចុប្បន្នកំពុងផលិតផ្គត់ផ្គង់ដល់ទីផ្សារនៅរាជធានីភ្នំពេញ និង បណ្តាផ្សារទំនើប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation