អ្នកថតរូប និងអ្នកបង្ហោះរូបមន្ត្រីនគរបាលដេក ក្នុងអង្គប្រជុំជាមួយសម្ដេច ត្រូវបានដាក់ពិន័យដោយដកបញ្ឈរជើងពីការងារ
(កំពង់ចាម)៖ បន្ទាប់ពីរូបភាពមន្ត្រីនគរបាលខេត្តកំពង់ចាម ដេកយ៉ាងលង់លក់ក្នុងអង្គប្រជុំ កក្រើកក្នុងបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ហើយត្រូវមន្ត្រីនគរបាល២រូប ដែលម្នាក់ជាអ្នកថត និងម្នាក់ទៀត ជាអ្នកបង្ហោះលេងត្រូវទទួលពិន័យ។ ខណៈដែលឯមន្ត្រីនគរបាល ដែលដេកលក់នោះ គ្មានទោសទេ។
យោងតាមលិខិតដែលចុះហត្ថលេខាដោយស្នងការនគរបាលខេត្តកំពង់ចាម គឺលោកឧត្តមសេនីយ៍ទោ ឯម កុសល បានចេញលិខិតបង្គាប់ការ ដាក់ពិន័យមន្ត្រីនគរបាល២រូប គឺវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ ជាអ្នកថតរូប និងវរសេនីយ៍ឯក អ៊ឹម ស៊ាងឌី ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ដែលជាអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក។ ចំណែកមន្ត្រីនគរបាលទាំង៣នាក់ ដែលដេកក្នុងអង្គប្រជុំនោះ មិនត្រូវបានពិន័យនោះទេ ដោយហេតុថា ពួកគេអស់កម្លាំងពេក ហើយពួកគេដេកមុនពេលគណៈអធិបតីអញ្ជើញមកដល់។
ប្រភពបញ្ជាក់ថា អធិការស្រុកចំការលើជាអ្នកថត ហើយប្រធានការិយាល័យប្រឆាំងគ្រឿងញៀន គឺជាអ្នកបង្ហោះ។ ប៉ុន្តែលោកអធិការស្រុកគ្រាន់តែថត រួចបាញ់រូបចូលបណ្តាញទំនាក់ទំនង WhatsApp ទៅឲ្យលោក អុឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ៕